(ភ្នំពេញ)៖ ប្រតិភូអង្គការសហព័ន្ធសន្តិភាពសកល (UNIVERSAL PEACE FEDERATION-UPF) ដឹកនាំដោយលោកបណ្ឌិត Yong Chongsik នាយកអប់រំ ទីស្នាក់ការកណ្តាល សហព័ន្ធគ្រួសារ ដើម្បីសន្តិភាពពិភពលោក និងការបង្រួបបង្រួម-អន្តរជាតិ (FFWPU-International) បានថ្លែងថា តាមរយៈការសង្កេតរបស់លោក បានយល់ច្បាស់ពីទឹកចិត្តប្រជាពលរដ្ឋកម្ពុជា គឺពិតជារួសរាយរាក់ទាក់ជាប់ ដោយស្នាមញញឹម ពិសេសដំណើរនៃការរស់នៅកម្ពុជា គឺជាប្រទេសមួយ ពោរពេញទៅដោយសេចក្តីសុខសន្តិភាព។

ការថ្លែងបែបនេះ របស់លោកបណ្ឌិត Yong Chongsik ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅវិមានរដ្ឋសភា នៅថ្ងៃទី១៥ កក្កដានេះ។

លោកបានថ្លែងបន្ដថា ជាក់ស្តែងបទពិសោធរបស់លោកផ្ទាល់ ដែលបានធ្វើដំណើរទៅប្រទេសជាច្រើន លោកបានសង្កេតឃើញថា ប្រទេសខ្លះមានសេដ្ឋកិច្ចខ្លាំងរីកចម្រើន ក៏ប៉ុន្តែបើប្រជាពលរដ្ឋ មិនសូវមាននូវសុខសុភមង្គល ក៏មិនមែនជាការប្រសើរដែរ។ ដូចនេះហើយទើបអង្គការ UPF បានយកចិត្តទុកដាក់អំពីការបង្កើតសេចក្តីសុខ សន្តិភាពពិភពលោក តាមរយៈប្រជាពលរដ្ឋដែលមានសេចក្តីសុខនេះ។

លោកបានគូសបញ្ជាក់បន្ថែមថា អង្គការ UPF បាននិងកំពុងបន្តខិតខំប្រឹងប្រែងធ្វើការងារទាក់ទងនឹងការជួយដល់បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ដែលបញ្ហាទាំងនេះ ជាការប៉ះពាល់ដល់បញ្ហាសនិ្តភាពផងដែរ។ បើគិតពីកត្តាផ្លូវចិត្តរបស់យើង ពិភពលោកអាចមានសន្តិភាពទៅបាន អាស្រ័យមនុស្សម្នាក់ៗមានសន្តិភាពផ្លូវចិត្ត។ ដូចនេះហើយ កម្ពុជា ជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិច ដោយតាមរយៈកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការ UPF លោកមានក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិចរបស់អង្កការ UPF នៅខែវិច្ឆិកាខាងមុខនេះ គឺជាការបញ្ជូនសារសន្តិភាពដ៏សំខាន់ទៅកាន់ពិភពលោក។

នៅក្នុងជំនួបនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានមានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនឿជាក់របស់អង្គការនេះ មកលើកម្ពុជាក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។

លោកស្រីបានលើកឡើងថា ក្នុងឆ្នាំ២០១៩នេះ អង្គការ UPF មានការងារមមាញឹកជាច្រើនជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដោយកាលពីពេលកន្លងទៅនេះ សមាជិកសភាវ័យក្មេង២រូប បានទៅចូលរួមសិក្ខាសាលាមួយរៀបចំដោយអង្គការ UPF នៅទីក្រុងបាងកក ប្រទេសថៃ។ ដោយឡែក ក្នុងជំនួបពិភាក្សាការងាររវាង លោក Jose de Venecia Jr. និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានឯកភាពគ្នាលើចំនុចធំៗ ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការ UPF នៅព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនេះ គឺដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ ជម្លោះនិងដំណោះស្រាយក្នុងគ្រាសំខាន់។

លោកស្រី បានលើកឡើងបន្ថែមថា មតិខ្លះមើលមកសកម្មភាពរបស់ UPF ហាក់បីដូចតែមួយជ្រុង ដោយគិតថាអង្គការ UPF ធ្វើកិច្ចការងារទាក់ទងតែនឹងសាសនា។ ជាក់ស្តែង អង្គការ UPF មានកម្មវិធី និងគំនិតផ្តួចផ្តើមជាច្រើនផ្សេងទៀតដូចជា សមាគមអន្តរជាតិនៃសមាជិកសភាសភាដើម្បីសន្តិសភា(International Association of Parliamentarian for Peace) ,អន្តរសាសនា ដើម្បីសន្តិភាព(Interreligious Association for Peace), កិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសន្តិភាព(International Summit Council for Peace), គំនិតផ្តួចផ្តើមផ្លូវសនិ្តភាព (Peace Road Initiative), ពានរង្វាន់សនិ្តភាពស៊ុនហាក់ (The Sunhak Peace Prize)។

កម្មវិធី និងគំនិតផ្តួចផ្តើមរបស់អង្គការនេះ មានគោលបំណងចូលរួមសហការណ៍គ្នា ដើម្បីឲ្យពិភពលោកនេះ ទទួលបានសុខសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងសុភមង្គលក្នុងក្រុមគ្រួសារ របស់ប្រជាពលរដ្ឋទូទាំងសកលលោក។

ទន្ទឹមនឹងនោះ លោកស្រីក៏ បានថ្លែងកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំកំពូលរបស់ UPF នាពេលខាងមុខ ដែលពិតជាមានសារៈសំខាន់ក្នុងការបង្ហាញមុខមាត់បន្ថែមទៀត របស់អង្គការ UPF នេះ ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោកអំពីគោលបំណង សកម្មភាព និងបេសកកម្មរបស់អង្គការនេះ។

លោកស្រី ក៏បានថ្លែងបន្តថា កន្លងមកសមាជិកសភាជាច្រើន បានទៅចូលរួមប្រជុំពិភាក្សាជាមួយសមាជិកសភានៃបណ្តាប្រទេសផ្សេងទៀត នៅលើសកលលោក ដើម្បីរិះរកមធ្យោបាយ អំពីការបង្កើនទំនាក់ទនងរវាងមនុស្ស និងមនុស្ស និងបង្កើនការយោគយល់គ្នា បើទោះបីជាមនុស្សម្នាក់ៗមាននិន្នាការនយោបាយ ឬសាសនាបែបណាក៏ដោយ ក៏គេនៅតែអាចរក្សាបាននូវទំនាក់ទំនងដ៏ល្អ គឺចេះយោគយល់គ្នា ដែលសមស្របទៅនឹងនយោបាយការបរទេស។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីក៏បានធ្វើការបញ្ជាក់ជូនពីមូលដ្ឋាននៃនយោបាយការបរទេសកម្ពុជា គឺអព្យាក្រិត្យជាអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសណាមួយ ដែលសរបញ្ជាក់ពីទំនាក់ទំនងដ៏ល្អជាមួយបណ្តាប្រទេស និងអង្គការនានាលើសកលលោក ដែលជាឧទាហរណ៍នាពេលនេះគឺ កិច្ចសហប្រតិបត្តិការជាមួយអង្គការ UPF នេះផ្ទាល់។

សូមជម្រាបផងដែរថា អង្គការ UPF ជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon និងប្រពន្ធរបស់គាត់ Dr. Hak Ja Han Moon នៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ៕