(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសខេត្ត នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ឱសានវាទ នៃការអនុវត្ត អនុក្រឹត្យ ស្ដីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅខេត្តស្វាយរៀង។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកនៅក្នុងការអនុវត្តការងារចំពោះមុខ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេស មន្ត្រីជំនាញ មន្ត្រីអនុវត្តច្បាប់ សមត្ថកិច្ច និងអាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់នូវកិច្ចការសំខាន់ៗ មួយចំនួនរួមមាន៖

ទី១៖ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានាជាធរមាន។

ទី២៖ ត្រូវចូលរួមសម្របសម្រួល និងសហការឲ្យបានជិតស្និទ្ធ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តឲ្យបានជោគជ័យនូវប្រកាស ស្ដីពីការបញ្ចប់ការទទួលពាក្យស្នើសុំ ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងសេចក្ដីណែនាំ ស្ដីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឲ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន៍។

ទី៣៖ រដ្ឋបាលក្រុង ស្រុក ត្រូវចាត់តាំងឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវលិខិតបទដ្ឋានគតិយុត្តទាំងពីរខាងលើ ដល់គ្រប់មុខសញ្ញាពាក់ព័ន្ធនឹង ជនបរទេសអន្តោប្រវេសន៍ដែលមានការចាំបាច់ ត្រូវមកទទួលនូវសេវាតម្រូវការទាំងនេះ និងតាមដាន ពង្រឹងការអនុវត្តឲ្យបានត្រឹមត្រូវស្របតាមការណែនាំ។

ទី៤៖ ត្រូវចូលរួមសហការអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេស ជាពិសេសប្រកាសស្ដីពីបែបបទ នីតិវិធីការពិនិត្យ ការចុះបញ្ជីទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទី៥៖ ត្រូវបន្តពង្រឹង និងជំរុញការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ ឲ្យបានជាប់ជាប្រចាំ តាមរយៈការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចនៅតាមគ្រឹះស្ថាន សិប្បកម្ម មូលដ្ឋានអាជីវកម្មនានា ការចុះធ្វើរដ្ឋបាលនៅតាមមូលដ្ឋាន និងត្រូវធ្វើការផាកពិន័យឲ្យបានតឹងរឹង និងម៉ឺងម៉ាត់ចំពោះជនបរទេស ដែលល្មើសច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ។

ទី៦៖ អាជ្ញាធរ និងសមត្ថកិច្ចដែលឈរជើងនៅតាមតំបន់ព្រំដែន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងការចេញចូលស្នាក់នៅរបស់ជនបរទេសឲ្យបានច្បាស់លាស់។

ជាចុងបញ្ចប់គណៈអធិបតី ក៏បានផ្តល់កិត្តិយសចែកមួកសុវត្ថិភាព ដល់អ្នកចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនេះផងដែរ៕