(កណ្តាល)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អនុប្រធានទី១ នៃគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកល្វាឯម តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានក្រុមកាងារថ្នាក់កណ្តាល ចុះជួយស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានធ្វើជាអធិបតីភាព ក្នុងពិធីសម្ភោធកាត់ខ្សែបូ និងដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលផ្លូវបេតុង៣ខ្សែ ប្រាង្គ និងព្រះបដិមាករប្រក់នាគ ព្រមទាំងពិធីប្រគេនទានព្រះវស្សា នៅវត្តពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

ពិធីនោះក៏មានការចូលរួមពី ព្រះសុធម្មមុនី ភោគ រស់ ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុកល្វាឯម លោកអភិបាលរងស្រុកល្វាឯម លោកប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទាំង១៥ នៅស្រុកល្វាឯម សប្បុរសជននានា ថែមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀត។

លោក គង់ វិបុល បានគូសបញ្ជាក់ថា សមិទ្ធិផលថ្មីៗដែលដាក់សម្ភោធថ្ងៃនេះរួមមាន ផ្លូវបេតុង៣ខ្សែ សរុបប្រវែង៧៦៥ម៉ែត្រ រួមមាន៖ ខ្សែទី១ ផ្លូវបេតុងវត្តពោធិ៍មាសប្រវែង៣៣៩ម៉ែត្រ, ខ្សែទី២ ផ្លូវបេតុងវត្តពាមតាឯក ប្រវែង៣៣៦ម៉ែត្រ និងខ្សែទី៣ ផ្លូវមុខស្នាក់ការបក្សប្រវែង៩០ម៉ែត្រ ព្រមទាំងប្រាង្គ និងព្រះបដិមាករប្រក់នាគ នៅវត្តពាមតាឯក។

ឆ្លៀតក្នុងឱកាសនេះ លោក គង់ វិបុល និងសប្បុរសជនទាំងអស់ ក៏បានប្រគេនទានវស្សា និងគ្រឿងទ័យទានផ្សេងៗទៀតដល់ព្រះសង្ឃ គង់នៅវត្តពាមតាឯក និងវត្តពោធិ៍មាស តាមទំនៀមទំលាប់ព្រះពុទ្ធសាសនាផងដែរ។ សមិទ្ធផលទាំងនេះ និងស្នាដៃដទៃទៀត សម្រេចបានដោយសារការអនុវត្ត ដោយជោគជ័យតាមគោលនយោបាយ ឈ្នះ-ឈ្នះ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកំពស់ជាបន្តបន្ទាប់ ក៏ដូចជាការចូលរួមរបស់ គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងស្រុកល្វាឯម ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍស្រុកភូមិ ឱ្យមានភាពរីកចម្រើនបែបនេះ។

លោក គង់ វិបុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យជឿរពាក្យញុះញង់ របស់ក្រុមឆ្លៀតឱកាសមួយចំនួន ដែលតែងតែធ្វើការឃោសនាផ្សព្វផ្សាយ នូវព័ត៌មានក្លែងក្លាយ ដើម្បីបង្កអស្ថិរភាព និងចលាចលដល់សង្គមខ្មែរ ដែលបច្ចុប្បន្នកំពុងតែសោយសុខក្នុងសុខ សន្តិភាព និងភាពរីកចម្រើន៕