(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ដែលចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែកាត់សក់ឲ្យខ្លី ដើម្បីស្របតាមផែនការរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

តាមរយៈទំព័រ Facebook លោកឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា សម្រាប់ផែនការកាត់សក់ខ្លីនេះ កម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលទេសចរណ៍ ត្រូវតែចាប់ផ្ដើមអនុវត្តមុនគេ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «តាមផែនការណ៍របស់អគ្គស្នងការនគរបាលជាតិ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន បានណែនាំឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវកាត់សក់ខ្លី ដូច្នេះកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវអនុវត្តន៍មុនគេ»

លោកឧត្តមសេនីយ៍ស្នងការ ​ក៏បានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវមកគោរពទង់ជាតិ ឲ្យបានទៀងទាត់រាល់ថ្ងៃ ហើយត្រូវមកគោរពទង់ជាតិឲ្យបានច្រើនជាងនេះទៀត ពិសេសត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ តាមឯកសណ្ឋានរបស់នគរបាល។

លោកឧត្តមសេនីយ៍ ក៏បានណែនាំដល់ កងកម្លាំងនគរបាលអន្តរាគមន៍ ត្រូវតែនាំគ្នាហាត់ប្រាណជាប្រចាំនៅពេលល្ងាច ដើម្បីសុខភាពផង និងឲ្យរាងកាយមាំមួនផង។

ក្នុង Facebook ដដែល លោកឧត្តមសេនីយ៍ឯក ស ថេង ក៏បានឲ្យដឹងថា នៅព្រឹកមិញនេះ មានក្រុមអ្នកសារព័ត៌មានបរទេស ក៏បានចុះមកផ្ដិតរូបភាព អំពីសកម្មភាពរបស់នគរបាលរាជធានីភ្នំពេញ គោរពទង់ជាតិ ហើយលោកក៏បានជម្រាបអំពីសកម្មភាព និងកិច្ចការដែលនគរបាលបាននិងកំពុងធ្វើជាប្រចាំ ដើម្បីសន្តិសុខ និងសណ្ដាប់ធ្នាប់ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញផងដែរ៕