(ភ្នំពេញ)៖ ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី ( Asian Infrastructure Investment Bank-AIIB​) បានសម្រេចផ្តល់កម្ចីនូវទឹកប្រាក់៧៥លានដុល្លារអាមេរិក ដល់​ក្រុមហ៊ុន Cambodia Fiber Optic Communication Network Co., Ltd (CFOCN) ដើម្បីជួយជំរុញដល់ការរីកចំរើន វិស័យអិនធីណែតល្បឿនលឿន នៅប្រទេសកម្ពុជា។

ដំណឹងនៃការវិនិយោគបន្ថែម លើបណ្តាញខ្សែកាបអុបទិចក្រោមដីរបស់ក្រុមហ៊ុន CFOCN នេះ បើទោះបីមិនទាន់ទទួលដំណឹងជាក់លាក់វិនិយោគបន្ថែមនោះក៏ដោយ ប៉ុន្តែនិយ័តករទូរគមនាគមន៍កម្ពុជា បានសាទរ និងស្វាគមន៍ចំពោះគម្រោងវិនិយោគនេះ និងចាត់ទុកថាវានឹងជួយរួមចំណែកដល់យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល លើកការជំរុញប្រព័ន្ធអ៊ីធើណេតល្បឿនលឿន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារ AIIB បានបញ្ជាក់ថា ការផ្តល់កម្ចី៧៥លានដុល្លារ ដល់ក្រុមហ៊ុនផ្គង់ផ្គង់បណ្ដាញខ្សែកាបអុបទិចនេះ គឺជាគម្រោងដំបូងបំផុតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

គម្រោងនេះនឹងត្រូវនិវិនិយោគលើខ្សែកាបអុបទិកក្រោមដីមានចំងាយ២,០០០គីឡូម៉ែត្រ ដើម្បីផ្គត់ផ្គង់សេវាអ៊ីនធីណេតដែលគ្របដណ្ដប់លើទីក្រុងសំខាន់ តំបន់ជាយក្រុង និងតំបន់ជនបទ។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងគាំទ្រដល់គម្រោងអភិវឌ្ឍវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT) របស់រដ្ឋាភិបាលកម្ពុជា ដែលគោលដៅគ្របដណ្តប់តំបន់ទីក្រុង១០០ភាគរយ និងតំបន់ជនបទ៧០ភាគរយ នៅត្រឹមឆ្នាំ២០២០។

ជុំវិញគម្រោងនេះ ប្រធានការិយាល័យវិនិយោគរបស់ AIIB លោក D.J. Pandian បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា «ការអភិវឌ្ឍការភ្ជាប់ទំនាក់ទំនង គឺជាស្នូលដ៏សំខាន់របស់ AIIB ហើយដែលគម្រោងនេះនឹងចែករំលែកដល់កម្ពុជា ក្នុងការអភិវឌ្ឍដំណភ្ជាប់ឌីជីថល ព្រមទាំងវិស័យ ICT ជាមួយរំពឹងថា ផ្ដល់ចំណេញដល់អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់»។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគន៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែកក្កដានេះថា និយ័តករមិនទាន់ទទួលបានដំណឹងជាក់លាក់នូវការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន CFOCN នោះទេ ប៉ុន្តែនិយ័តករស្វាគមន៍ ចំពោះគម្រោងវិនិយោគបណ្តាញខ្សែកាបអុបទិចនេះ។

លោកបញ្ជាក់ថា ក្រុមហ៊ុន CFOCN ជាក្រុមហ៊ុនដ៏ធំមួយដែលទទួលបានសិទ្ធិ ក្នុងការវិនិយោគលើបណ្តាខ្សែកាបអុបទិចនៅកម្ពុជា នៅឆ្នាំ២០០៧។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានអូសបណ្តាញខ្សែកាបអុបទិចបានប្រវែង៣ម៉ឺនគីឡូម៉ែត្រ និងអូសខ្សែកាបក្រោមបាតសមុទ្រ ហើយបានដាក់ដំណើរការនៅចុងឆ្នាំ២០១៧កន្លងទៅ។

សូមជម្រាបថា នៅកម្ពុជាមានក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគលើបណ្តាញខ្សែកាប្លិ៍អុបទិក លើគោកក្នុងប្រទេស រួមមាន៖ ទូរគមនាគមន៍កម្ពុជា, ក្រុមហ៊ុន CFOCN និង ក្រុមហ៊ុន Viettel សរុបចំនួន៤,២៦៩៣គីឡូម៉ែត្រ។

ចំពោះក្រុមហ៊ុនទទួលសិទ្ធិវិនិយោគ បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាទសមុទ្រ ពីរាជរដ្ឋាភិបាល រួមមាន៖ ក្រុមហ៊ុន Telco Tech បានតភ្ជាប់បណ្តាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រ Malaysia-Cambodia-Thailand ដាក់ឲ្យដំណើរការតាំងពីចុងឆ្នាំ២០១៧), ក្រុមហ៊ុន CFOCN ដោយបានតភ្ជាប់បណ្តាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រ AAE-1: Asia-Africa-Europe 1 និងបានដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៧)។ ក្រៅពីនេះក្រុមហ៊ុន២ទៀត គឺទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន ឈួន វៃ ខេមបូឌា មិនទាន់ដំណើរការនៅឡើយទេ៕