(ភ្នំពេញ)៖ ជាមួយនឹងការកើនឡើងនៃការវិនិយោគទុនបរទេស ពាណិជ្ជកម្ម ពិសេសសកលភាវូបនីយកម្មក្នុងតំបន់ បានធ្វើឱ្យមានការបម្លាស់ទីជនបរទេស ដែលជាវិនិយោគិន អ្នកបច្ចេកទេស និងអាជីពវិជ្ជាជីវៈជាច្រើនពីប្រទេសមួយទៅប្រទេសមួយ។ ដោយឡែកតាមរយៈកិច្ចព្រមព្រៀងបម្លាស់ទីរូបវន្តបុគ្គល ដែលប្រទេសជាសមាជិកអាស៊ាន បានផ្តល់សច្ចាប័នក្នុងឆ្នាំ២០១៥កន្លងទៅនេះ ប្រជាពលរដ្ឋអាស៊ាន ដែលមានជំនាញ ៨មុខអាចធ្វើការនៅក្នុងប្រទេសជាសមាជិក ណាមួយដោយសេរី។

ទន្ទឹមនឹងនេះប្រទេសជាសមាជិកអាស៊ានជាច្រើនបានអនុញ្ញាតិឱ្យជនជាតិបរទេសទៅធ្វើការងារ និងវិនិយោគនៅប្រទេសរបស់ខ្លួន ក្រោយឆ្លងកាត់នីតិវិធីជ្រើសរើស និងបង់អាករដល់ប្រទេសជាម្ចាស់ផ្ទះ។ ជាទូទៅជនបរទេសម្នាក់អាចត្រូវបង់អាករនានាដល់ម្ចាស់ផ្ទះប្រមាណជា១០០ដុល្លារ ក្នុង១នាក់ក្នុង១ឆ្នាំ។

ពេលថ្មីៗនេះប្រជាពលរដ្ឋបានលើកជាចម្ងល់ថា «តើជនបរទេសអាចមកធ្វើការវិនិយោគប្រកបអាជីវកម្ម និងធ្វើការងារនៅកម្ពុជាបានដោយសេរីដែរឬទេ?»

យោងតាមមន្រ្តីជំនាញលើច្បាប់វិនិយោគ ច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារ និងអង្គការអន្តរជាតិខាងការងារមួយចំនួន បានលើកឡើងថា កម្ពុជាក៏ដូចបណ្តាប្រទេសនានាដែរ ជនបរទេសអាចមកធ្វើការវិនិយោគ ប្រកបអាជីវកម្ម និងធ្វើការងារនៅកម្ពុជាបាន ប្រសិនជាបុគ្គលនោះទទួលបាន ការអនុញ្ញាតលើគម្រោងវិនិយោគ ឬអាជីវកម្មរបស់ខ្លួន មានទិដ្ឋាការស្នាក់នៅរយៈពេលវែង និងមានប័ណ្ណ/សៀវភៅការងារជនបរទេស ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។

បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News បានឱ្យដឹងថា វិនិយោគិនបរទេស ដែលស្នាក់នៅជាប្រចាំ នៅកម្ពុជា ត្រូវបង់អាករលើទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នរយៈពេលវែងចំនួន១៨០ដុល្លារ ក្នុង១ឆ្នាំ និងបង់អាករប័ណ្ណ/សៀវភៅ ការងារប្រមាណជា១៣០ដុល្លារ ក្នុង១ឆ្នាំ។ ដោយឡែកសម្រាប់ជនបរទេស ដែលមកធ្វើការងារនៅកម្ពុជា ក្រៅពីបង់អាករទាំង២នេះ គឺត្រូវបង់អាករស្នើសុំកូតាប្រើប្រាស់ជនបរទេសប្រមាណ៥០ដុល្លារ ក្នុង១ឆ្នាំបន្ថែមទៀត។ ជារួមជនបរទេសម្នាក់ត្រូវបង់អាករ ជាចំណូលថវិកាជាតិប្រមាណជា៣៦០ដុល្លារ ក្នុង១ឆ្នាំ។

រដ្ឋលេខាធិការក្រសួងការងារលោក ហេង សួរ បានបញ្ជាក់បន្ថែមថា ដើម្បីទទួលបានការអនុញ្ញាតប្រើប្រាស់ជនបរទេស សហគ្រាស គ្រឹះស្ថាន ត្រូវបង្ហាញអំពីការផ្តល់អាទិភាព និងខិតខំជ្រើសរើសជនជាតិកម្ពុជាជាមុន ឬមានការបញ្ជាក់ថា ជនបរទេសនោះ មានជំនាញជាន់ខ្ពស់ ដែលនៅកម្ពុជាមិនទាន់មាន ឬកម្ពុជាមិនមានលទ្ធភាពផ្គត់ផ្គង់កម្លាំង ពលកម្មច្រើនតាមតម្រូវការនៃគម្រោងវិនិយោគ។

ឆ្លើយតបនឹងការកើនឡើងនៃវត្តមានជនបរទេស ដែលមកវិនិយោគ និងធ្វើការងារនៅកម្ពុជា លោក ហេង សួរ បានឱ្យដឹងថា ក្រសួងកំពុងរៀបចំដាក់ចេញនូវប្រកាស មួយនាពេលឆាប់ៗខាងមុខនេះដោយហាមជនបរទេស មិនឱ្យធ្វើសកម្មភាពស្វ័យនិយោជ (មុខរបរផ្ទាល់ខ្លួនម្នាក់ឯង) លើប្រភេទមុខរបរ និងការងារប្រមាណជា ១០ប្រភេទ ដែលភាគច្រើនជាសកម្មភាពនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា បើកបរយានយន្តតាក់ស៊ី ម៉ូតូកង់បី ម៉ូតូដុប លក់ដូរតាមផ្លូវ ឬតាមរទេះរុញ កាត់សក់ ចែកចាយផលិតផល និងអាជីវកម្មខ្នាតតូច ។ល។

លោក ហេង សួរ ក៏បានរំលេចឲ្យដឹងផងដែរថា ក្រសួងក៏នឹងហាមជនបរទេសមិនឲ្យកាន់តួនាទីជាប្រធានផ្នែកធនធានមនុស្ស ឬបុគ្គលិកនៅក្នុងសហគ្រាស គ្រឹះស្ថានឯកជនផងដែរ។ យោងលើបទដ្ឋានសុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាការធានានូវសេចក្តីថ្លៃថ្នូរ និងគុណភាពសេវារបស់កម្មករនិយោជិត អធិការការងាររបស់ក្រសួង ក៏នឹងចាប់ផ្តើមធ្វើការផាកពិន័យលើសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលមិនមានបិទសញ្ញាការ ឬបញ្ជីផលិតផល ឬបញ្ជីម្ហូប ឬបញ្ជីសេវា ជាភាសារខ្មែរផងដែរ៕