(ភ្នំពេញ)៖ លោកបណ្ឌិត Henry C. Theriault ប្រធានអង្គសន្និសីទអន្តរជាតិ នៃអ្នកស្រាវជ្រាវជាន់ខ្ពស់ពីអំពើប្រល័យពូជសាសន៍បានសម្តែង «ភាពខ្មាស់អៀននិង សូមអភ័យទោសពីពលរដ្ឋខ្មែរ ចំពោះការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជា» ចាប់ពីឆ្នាំ១៩៦៩ ដល់ដើមទសវត្សរ៍៧០។

លោកបណ្ឌិត Henry ជនជាតិអាមេរិក និងជាប្រធានសមាគមអន្តរជាតិ នៃអ្នកស្រាវជ្រាវជាន់ខ្ពស់ពីអំពើប្រល័យពូជសាសន៍ បានមានប្រសាសន៍បែបនេះរហូតដល់ ទៅពីរដងក្រោយពីមកដល់ទីក្រុងភ្នំពេញតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែលោកបានបញ្ជាក់ថា ការលើកឡើងរបស់លោកធ្វើឡើងក្នុងនាមជាពលរដ្ឋអាមេរិកមួយរូប មិនតំណាងឱ្យអង្គសន្និសីទទាំងមូល ឬ រដ្ឋាភិបាលអាមេរិកនោះទេ។

សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចំនួន២,៧លានតោនមកលើប្រទេសកម្ពុជា លើសពីចំនួនគ្រាប់បែកដែលបានទម្លាក់នៅជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី២ (រួមទាំងនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី) ជិតមួយលានតោន។ ក្នុងអំឡុងពេលបួនឆ្នាំ (១៩៦៩ ដល់ ១៩៧៣) ប្រជាពលរដ្ឋខ្មែរប្រហែល៣០ភាគរយ នៅទូទាំងប្រទេសត្រូវបានផ្លាស់ទីលំនៅ ដើម្បីគេចចេញពីវិនាសកម្មការទម្លាក់គ្រាប់បែករបស់អាមេរិក។

នៅឯពិធីបើកអង្គសន្និសីទអន្តរជាតិនៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ ហើយដែលមានអ្នកស្រាវជ្រាវជាន់ខ្ពស់ជិត៥០០នាក់ មកពីទូទាំងពិភពលោក បានចូលរួមលោកបណ្ឌិត Henry ក្រៅពីសូមអភ័យទោសពលរដ្ឋខ្មែររឿងអតីតកាល ក៏បានធ្វើការចាប់អារម្មណ៍ផងដែរ ពីទុក្ខលំបាក និងសោកនាដកម្មនានា ដែលកើតចេញពីរបបប្រល័យពូជសាសន៍។

អំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើនដែលត្រូវលើកមកពិភាក្សា ក្នុងនោះរួមមានករណីដែលកើតមានឡើងនៅ សេរ៉ាឡេអន រ៉ូវ៉ាន់ដា និងឥទ្ធិពលរបស់សហគមអឺរ៉ុបកាលពីអតីតកាលទៅលើប្រទេសប៊ុលហ្គារី និងស៊ែបប៊ី ជាដើម។

ការរៀបចំសន្និសីទអន្តរជាតិរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៧ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ជិត៥០០នាក់ មកពីទូទាំងពិភពលោក ពេលនេះបានឆ្លុះបញ្ចាំងពីលំហូរ នៃសេរីភាពការបញ្ចេញមតិដ៏ទូលំទូលាយនៅប្រទេសកម្ពុជា និងជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើនពីវិសាលភាព និងពីគុណភាពអប់រំ ដែលគេស្ទើរពុំជឿមុនពេលមកដល់ទឹកដីកម្ពុជា។

លោកបណ្ឌិត Kenneth Dunn ប្រធានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានថ្លែងថា «កាលពី៤០ឆ្នាំមុន កម្ពុជាជាកន្លែងដែលត្រូវបានបំផ្លិចបំផ្លាញ ស្ទើរគ្មានសល់។ ថ្ងៃនេះយើងសូមស្វាគមន៍អ្នកក្នុងនាមជាប្រទេសកម្ពុជាថ្មី ដែលបានក្លាយជាគំរូមួយអំពីរបៀបដែលប្រទេសមួយនេះ អាចកសាងលើគំនរផេះផង់ កាលពីអតីតកាលដ៏សោកសៅ ដើម្បីអនាគតថ្មីប្រកបដោយសុទិដ្ឋិនិយម»

សន្និសីទនេះ ត្រូវបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាម្ចាស់ផ្ទះសហការរួមគ្នាជាមួយសាកលវិទ្យាល័យ Rutgers University មកពីសហរដ្ឋអាមេរិក។

សមាគមអន្តរជាតិនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ ស្តីពីអំពើប្រល័យពូជសាសន៍ បង្កើតឡើងក្នុងឆ្នាំ១៩៩៤ គឺជាអង្គការអន្តរជាតិដែលមិនប្រកាន់និន្នាការនយោបាយ ហើយបង្កើតឡើងក្នុងគោលបំណងស្វែងរកការស្រាវជ្រាវបន្ថែមលើផលវិបាកនៃអំពើប្រល័យពូជសាសន៍ ព្រមទាំងដើម្បីជំរុញការសិក្សាគោលនយោបាយ ស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍៕