(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពី ការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ, ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ ជូនដល់កម្លាំងនគរបាលទាំងអស់ឲ្យបានជ្រួតជ្រាបនិងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន។

ពិធីប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងមានការចូលរួមពី លោក-លោកស្រីស្នងការរង, លោកនាយ-នាយរងការិយាល័យជំនាញ, លោកអធិការនគរបាលស្រុក-ក្រុងទាំង៩ និងលោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ២០៣, ៦២៣ សរុបចំនួន ២១៩នាក់។

ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធ៌ម សីលធម៌ វិជ្ជាជីវៈ និងឆន្ទៈមោះមុតបម្រើការងារសំដៅលើកកម្ពស់ ក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍ការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ, ការប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយចំនួន១០ចំណុច ជូនដល់អគ្គស្នងការនគរបាលជាតិ, អគ្គនាយកដ្ឋាននានា និងស្នងការនគរបាលរាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយជូនដល់មន្ត្រីនគរបាលក្រោមឱវាទ បានជ្រួលជ្រាបយកទៅអនុវត្តឲ្យបានម៉ឺងម៉ាត់និងខ្ជាប់ខ្ជួន។

ក្រោយពីធ្វើការផ្សព្វផ្សាយ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវខិតខំអនុវត្តតាមសេចក្តីណែនាំលេខ០១៩នេះ ឲ្យបានម៉ឺងម៉ាត់ខ្ជាប់ខ្ជួន និងមិនត្រូវភ្លេចតួនាទីរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា បន្ទាប់ពីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៩នេះ ជូនមន្ត្រីនគរបាលដែលចូលរួមបានជ្រួតជ្រាបហើយ ត្រូវបន្តចុះផ្សព្វផ្សាយបន្តជូនដល់កម្លាំងនគរបាលអធិការក្រុង-ស្រុកទាំង៩ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង២ បានជ្រួតជ្រាបបន្ថែមទៀត ដើម្បីយកទៅអនុវត្តឲ្យបានម៉ឺងម៉ាត់និងខ្ជាប់ខ្ជួន៕