(កណ្តាល)៖ លោកស្រី សុខ ម៉ាលី តំណាងលោកស្រី ទាវ ធីតា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងជាភរិយារបស់ លោក ថោង សារ៉ាត់ ព្រមទាំងក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្តល់អំណោយសប្បុរសធម៌ ជូនដល់ជនចាស់ជរា ដែលពិការភ្នែកទាំងសងខាង រស់នៅក្នុងភូមិពពាលខែ២ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកយាយមានឈ្មោះថា មិញ និងចៅឈ្មោះ ស្តើង។ លោកយាយ គឺពិការភ្នែកទាំងសងខាង ដោយឡែកចៅស្រីខ្វិញជើងទាំងពីរ និងម្តាយខ្វាក់ភ្នែកម្ខាង។

អំណោយសប្បុរសធម៌របស់លោកស្រី ដែលបានផ្តល់ជូនដល់គ្រួសារលោកយាយទទួលបាន ថវិការចំនួន៣០ម៉ឺនរៀល ។ លោកស្រី សុខ ម៉ាលីបានលើកឡើងថា ការជួយជាអំណោយមនុស្សធម៌របស់ លោកស្រី ទាវ ធីតា នាពេលនេះ ជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់ទុក្ខលំបាក របស់ក្រុមគ្រួសារសពពួកគាត់បានមួយរយៈពេលផងដែរ។

ក្នុងឱកាសផ្តល់អំណោយសប្បុរសធម៌នេះផងដែរ លោកស្រី ទាវ ធីតា និងស្វាមី ក៏បានលើកទឹកចិត្តដល់លោកយាយ កូនស្រី និងចៅរបស់លោកយាយ ត្រូវតស៊ូ និងរឹងមាំ និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា លោកស្រី ទាវ ធីតា ភរិយាលោក ថោង សារ៉ាត់ តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រជានិច្ច៕