(ភ្នំពេញ)៖ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ជិត៥០០នាក់ មកពីទូទាំងពិភពលោក បានមកជួបជុំគ្នានៅទីក្រុងភ្នំពេញ ដើម្បីចែករំលែកអំពីការស្រាវជ្រាវ និងបទពិសោធន៍ការងាររបស់ពួកគេលើ «ការពិចារណាឡើងវិញអំពីការបង្ការ អំពើប្រល័យពូជសាសន៍» ។

អំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើន នៃអំពើប្រល័យពូជសាសន៍​ ដែលត្រូវលើកមកពិភាក្សា ដូចជា នៅសេរ៉ាឡេអន រ៉ូវ៉ាន់ដា ជាដើម។

ឆ្នាំនេះខណៈដែលប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាទីកន្លែងសម្រាប់សន្និសីទអន្តរជាតិស្តីពីការ «បង្ការអំពើប្រល័យពូជសាសន៍» វាក៏ជាខួបលើកទី៤០ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ពលរដ្ឋកម្ពុជា អស់ជាង៣លាននាក់ ក្នុងអំឡុងពេលនៃការកាន់អំណាចរបស់ពួកគេ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។

លោក Kenneth Dunn ប្រធានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលធ្វើជាម្ចាស់ផ្ទះរួមជាមួយសាកលវិទ្យាល័យ Rutgers មកពីអាមេរិក បានថ្លែងថា «កាលពី៤០ឆ្នាំមុន កម្ពុជាជាកន្លែងដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ ថ្ងៃនេះ យើងសូមស្វាគមន៍អ្នក ក្នុងនាមជាប្រទេសកម្ពុជាថ្មី ដែលបានក្លាយជាគំរូមួយអំពីរបៀបដែលប្រទេសមួយនេះ អាចកសាងលើគំនរផេះផង់កាលពីអតីតកាលដ៏សោកសៅ ដើម្បអនាគតថ្មីប្រកបដោយសុទិដ្ឋិនិយម»

លោកបានបន្ថែមថា «ជាមួយអតីតកាលនេះ ប្រទេសកម្ពុជាបានក្លាយជាមេរៀនដ៏សំខាន់ដើម្បីចែករំលែកជាមួយពិភពលោកអំពីការស្តារឡើងវិញក្រោយរបបប្រល័យពូជសាសន៍ ហើយយើងចង់ចូលរួមក្នុងការសន្ទនាជាសកលស្តីអំពីការទប់ស្កាត់វិបត្តិដ៏គួរឱ្យភ័យខ្លាចនេះ»

ការផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហម ដោយសាលាក្តីខ្មែរក្រហមនាពេលថ្មីៗនេះ ជាការរួមចំណែកដ៏សំខាន់ដល់ការប្តេជ្ញាចិត្ត ជាសាកលដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍និងអំពើឃោឃៅជាច្រើនទៀត។

សន្និសីទរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៤ដល់១៧ ខែកក្កដាឆ្នាំ២០១៩ ប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ AUPP ជាគ្រឹះស្ថានអប់រំតែមួយគត់នៅកម្ពុជា ដែលផ្តល់ជូនសញ្ញាប័ត្រដែលទទួលស្គាល់ដោយសកលវិទ្យាល័យអាមេរិកជាដៃគូរ។

អ្នកស្រាវជ្រាវជាន់ខ្ពស់កម្ពុជាចំនួន៥០រូប បានត្រៀមខ្លួនដើម្បីបង្ហាញការស្រាវជ្រាវ និងចែករំលែកបទពិសោធន៍របស់ពួកគេ ជាមួយអ្នកស្រាវជ្រាវជាន់ខ្ពស់អន្តរជាតិទាំងអស់។

សមាគមអន្តរជាតិនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ ស្តីពីអំពើប្រល័យពូជសាសន៍ បង្កើតឡើងក្នុងឆ្នាំ១៩៩៤ គឺជាអង្គការអន្តរជាតិ ដែលមិនប្រកាន់និន្នាការនយោបាយ ដែលមានគោលបំណងស្វែងរកការស្រាវជ្រាវបន្ថែម និងការបង្រៀនអំពីធម្មជាតិបុព្វហេតុ និងផលវិបាកនៃអំពើប្រល័យពូជសាសន៍ ព្រមទាំងដើម្បីជំរុញការសិក្សាគោលនយោបាយស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍៕