(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ពេលនេះកម្លាំងអាវុធហត្ថចកំពុងតាមចាប់ខ្លួន ជនសង្ស័យ៤នាក់ទៀត តាមដីកាតុលាការ ដែលមានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី។

លោក អេង ហ៉ី បានបញ្ជាក់ថា មនុស្ស៤នាក់នោះ គឺជាប្រធានក្រុមហ៊ុនដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី។ លោកអះអាងថា កន្លងទៅតុលាការបានចេញដីកាកោះហៅជនសង្ស័យទាំង៤នាក់នេះ ប៉ុន្តែពួកគេមិនចូលខ្លួននោះទេ។ ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរូបនេះ មិនទាន់អាចបង្ហើបឈ្មោះ ជនសង្ស័យទាំង៤នាក់នេះនោឡើយទេ។

បើតាម ឧត្តមសេនីយ៍ត្រី អេង ហ៉ី គឺចាប់ពីពេលបើកយុទ្ធនាការទ្រង់ទ្រាយធំ និងការដាក់ចេញនូវ វិធានការតឹងរឹង កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនសង្ស័យ៤នាក់បញ្ជូននៅតុលាការ។ ការបំផ្លាញចោលវត្ថុតាងដែលជាមធ្យោបាយដឹងជញ្ជូននោះ នៅតែបន្តអនុវត្តយ៉ាងក្តៅគគុក។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាតឹងរឹង មិនអត់អោនចំពោះបុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទេ ត្រូវតែអនុវត្តច្បាប់ដាច់ខាត។ គណៈកម្មការជាតិ សូមអំពាវនាវរួមគ្នាថែរក្សាធនធានធម្មជាតិ ដើម្បីទាំងគ្នា និងពិភពលោកយើង៕