(មណ្ឌលគិរី)៖ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បានបញ្ជាឱ្យតំណាងក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» ពីរនាក់ ចូលខ្លួនបំភ្លឺពាក់ព័ន្ធការប្រមូល ដឹកជញ្ជូន និងសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

តំណាងក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់»ទាំងពីររូបដែលតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបញ្ជាឱ្យចូលខ្លួននេះរួមមាន៖ លោក ណេង ម៉ៅ អាយុ ៥០ឆ្នាំ តួនាទីជាអ្នកចាត់ចែងការប្រមូលឈើរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងលោក លោក សាំង សុខុន អាយុ ២៧ឆ្នាំ ជាអ្នកចាត់ចែងរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

យោងតាមដីការបញ្ជាឱ្យចូលខ្លួនរបស់លោក ម៉ម វ៉ាន់ដា ដែល Fresh News ទទួលបាននៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ការកោះហៅនេះធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍របស់ក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។

សូមបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមការងារគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិភាគឦសានប្រទេស។ ឈើរបស់ក្រុមជនល្មើសបានកាប់ជាច្រើនកន្លែងត្រូវបានក្រុមការងាររុករកឃើញ ហើយរថយន្តដែលជាមធ្យោបាយធ្វើសកម្មភាពដឹកជញ្ជូនឈើជាច្រើនគ្រឿងត្រូវបានកម្ទេចចោល។

ប្រតិបត្តិការដ៏ក្តៅគគុកនេះកាលពីថ្ងៃទី០៩ ខែកក្កដា កន្លងទៅកម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនលោក ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ និងអ្នកបើករថយន្តផងដែរ។ មកដល់ពេលនេះលោក ស៉ឹង សំអុល និងអ្នកពាក់ព័ន្ធ៣នាក់ផ្សេងទៀតនោះ ត្រូវបានតុលការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនហើយ៕