(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបន្ដអញ្ជើញចុះពិនិត្យមើលជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រួសារអតីតយុទ្ធជន នៅភូមិអភិវឌ្ឍន៍អូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានជួបសំណេះសំណាលស្វែងយល់ពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលរស់នៅទីនោះ ដើម្បីបានយល់ជ្រាបកាន់តែច្បាស់អំពីការរស់នៅរបស់ពួកគាត់ និងក្នុងគោលដៅដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនផងដែរ។

ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឲក្យគណៈកម្មាការសមាគមអតីតយុទ្ធជនស្រុក និងលោកអភិបាលស្រុក ដែលជាប្រធានកិត្តិយសសមាគម ស.អ.ក ត្រូវឧស្សាហ៍ ចុះជួបសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជន ក្តាប់ឲ្យបានពីជីវភាពរស់នៅរបស់បងប្អូន និងមានវិធានការជួយដោះស្រាយរាល់ការលំបាក របស់ពួកគាត់ ពិសេសពេលគាត់ឈឺស្កាត់យប់ព្រលប់ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិឲ្យបានល្អដើម្បីភាពសុខដុមរបស់ពួកគាត់៕