(កំពង់ស្ពឺ)៖ ករណីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រិះគន់ឡានដឹកដីធំៗ ដែលរត់ការលើខ្នងប្រឡាយតាហោ បានចេញមកបកស្រាយការពិត និងអះអាងថា ខ្លួនទទួលបានសិទ្ធិត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ សម្រាប់ការធ្វើអាជីវកម្មដឹកជញ្ជូនដីនេះ។

តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ម្ចាស់គ្រឿងចក្រទាំងអស់នេះ បានសន្យាថា នៅពេលខ្លួនបញ្ចប់ការអាជីវកម្ម ដឹកជញ្ជូនដីនៅតំបន់នេះ នឹងធ្វើការជួសជុលផ្លូវដែលខូចខាតជូនប្រជាពលរដ្ឋឲ្យដូចដើមវិញ ហើយលោកក៏សុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ចំពោះផលប៉ះពាល់ដែលកើតមានរាល់ថ្ងៃ។

ម្ចាស់គ្រឿងចក្រទាំងអស់ ក៏បានទទួលស្គាល់ចំពោះផលប៉ះពាល់បន្ដិចបន្ដួចដែលកើតមានឡើង ជុំវិញការដឹកជញ្ជូនដីនៅលើខ្នងប្រឡាយ តាហោ ប៉ុន្ដែផលប៉ះពាល់ទាំងអស់នេះ លោកនឹងស្រាយជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ផងដែរ។

ម្ចាស់គ្រឿងចក្ររូបនេះ បានបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃនៅពេលដែលក្រុមការងាររបស់លោក បញ្ចប់ការដឹកជញ្ជូនដីហើយនោះ លោកតែងតែយករថយន្ដដឹកទឹក ដែលមានចំណុះប្រមាណ៣ម៉ឺនលីត្រ បាញ់ទឹកស្រោចដីជាប្រចាំដើម្បីកាត់បន្ថយការហ៊ុយ ប៉ះពាល់ទៅលើប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ហើយអាជ្ញាធរក៏បានទទួលស្គាល់ក្រុមហ៊ុនរបស់លោក ធ្វើអាជីវកម្មនេះផងដែរ។

ដោយឡែក ចំពោះការចោទប្រកាន់ថា ការដឹកជញ្ជូនរបស់លោកធ្វើឲ្យប៉ះពាល់ដល់ ខ្នងប្រឡាយតោហោនោះ មិនពិតនោះឡើយ ពោលខ្នងប្រឡាយនេះកាលពីដើមឡើយ ជាផ្លូវដែលមានការខូចខាត ហើយលោកទេដែលជាអ្នកជួសជុល ដើម្បីអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានឡើងវិញ។

យ៉ាងណាក៏ដោយ លោកក៏សុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់មួយចំនួនដែលកើតមានឡើងផងដែរ ប៉ុន្ដែលោកនឹងព្យាយាមដោះស្រាយបញ្ហានេះឲ្យកាន់តែប្រសើរឡើង ដើម្បីជៀសវាងការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលលោកឆ្លងកាត់៕