(ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ កម្លាំងសមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និងចាត់វិធានការតឹងរឹងតាមច្បាប់ចំពោះភោជនីយដ្ឋាន អាហារដ្ឋានទាំងឡាយណា ដែលគ្មានស្ដង់ដាអនាម័យចំណីអាហារជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយចាប់អនុវត្តមុនគេនៅរាជធានីភ្នំពេញ និងបន្តធ្វើនៅទូទាំងប្រទេស។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ។

ការព្រមានយ៉ាងដូច្នេះរបស់លោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល ត្រូវបានធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអនាម័យចំណីអាហារ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះក៏មានការចូលរួមពីសំណាក់លោក ឡី សុភាព ប្រធាននាយកប្រតិបត្តិនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល បានលើកឡើងថា ចាប់ពីពេលនេះតទៅ សមត្ថកិច្ចនឹងចាត់វិធានការតឹងរឹងតាមច្បាប់ចំពោះភោជនីយដ្ឋាន អាហារដ្ឋានណា ដែលគ្មានស្ដង់ដាអនាម័យចំណីអាហារ ព្រោះការដែលគ្មានស្ដង់ដាអនាម័យនេះហើយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពដល់ប្រជាពលរដ្ឋ បង្កជាជំងឺផ្សេងៗមិនអាចមើលឃើញ ជាពិសេសអាចនឹងប៉ះពាល់ដល់អាយុជីវិតផងដែរ។

លោកថ្លែងយ៉ាងដូច្នេះថា «ចាប់ពីម៉ោងនេះទៅ បើសិនជាក្រុមសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃើញអាហារខ្វះសុវត្ថិភាព ខ្វះអនាម័យ គឺគេនឹងមានវិធានការតឹងរឹង»។

លោកឧត្តសេនីយឯក បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ឱ្យចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាល អំពីអនាម័យចំណីអាហារឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឲ្យមានការយល់ដឹងអំពីអនាម័យបន្ថែម ហើយយកទៅអនុវត្តឲ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋទាំងអស់គ្នា។

លោក ងី មានហេង បានឲ្យដឹងថា អនាម័យចំណីអាហារនេះ ជារឿងមួយដ៏សំខាន់ដែលទាក់ទងនឹងសុខភាពសាធារណៈ។ ម្យ៉ាងទៀត ចំណេះដឹងអនាម័យចំណីអាហារ បើមានការយល់ដឹងបានច្រើនគឺមិនអត់ប្រយោជន៍ឡើយ ព្រោះជាចំណេះដឹងអាចជួយការពារសុខភាពក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាបាន។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា ជំងឺឈឺថ្កាត់កើតឡើងដោយសារការពុលចំណីអាហារមាន ២ចំណុច គឺការពុលអាហារភ្លាមៗ និងការពុលអាហារដោយមានលក្ខណៈរ៉ាំរ៉ៃ។

ជាមួយគ្នានោះ លោកបណ្ឌិត ឡី សុភាព បានឲ្យដឹងដែរថា សុវត្ថិភាពអនាម័យចំណីអាហារនេះ គឺជារឿងមួយដ៏សំខាន់ដែលមិនអាចខ្វះបាន បើថ្ងៃណាមួយមានការភ្លាត់តែបន្តិច គឺអាចឈានដល់ការប៉ះពាល់ដល់អាយុជីវិត ឬអាចកើតបានជាជំងឺរ៉ាំរ៉ៃផងដែរ។ លោកក៏បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងផ្ដល់សេវាម្ហូបអាហារ និងភេសជ្ជៈទាំងអឡាយ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះបញ្ហាអនាម័យចំណីអាហារ។

លោក ឡី សុភាព បានសង្កត់ធ្ងន់ទៀតថា «មន្រ្តីជំនាញ និងកម្លាំងសមត្ថកិច្ចចម្រុះ នឹងចុះប្រតិបត្តិការត្រួតពិនិត្យតាមភោជនីយដ្ឋាន អាហារដ្ឋានទាំងឡាយ ដោយផ្ដើមចេញពីរាជធានីភ្នំពេញមុនគេ ហើយនឹងបន្តឈានដល់ទូទាំងប្រទេស»