(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញក្តីរីករាយជាពន់ពេក ក្រោយពេលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដាក់ចេញវិធានបន្ទាន់ឆ្លើយតបតាមសំណូមពរខ្លួន ដោយចាត់បញ្ជូនមន្ត្រី និងឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺប៉េស្តជ្រូកអាហ្វ្រិកបើកផ្លូវឱ្យមានការលក់ដូរជ្រូករបស់ពួកគេ។

ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងស្រុកអូររាំងឪ តាមរយៈអង្គភាពព័ត៌មាន Fresh News បានគោរពថ្លែងអំណរគុណលោក វេង សាខុន យ៉ាងជ្រាលជ្រៅ ចំពោះការដាក់ចេញវិធានការដោះស្រាយលើការលក់ដូរជ្រូកនៅក្នុងស្រុកអូររាំងឪ។

ជាមួយការថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ក៏បានសម្តែងការជឿជាក់ថា លោករដ្ឋមន្ត្រី វេង សាខុន នឹងបញ្ជូនមន្ត្រីជំនាញ ក៏ដូចជាឧបករណ៍ចុះទៅដល់ស្រុករបស់ពួកគេបានឆាប់រហ័សពិនិត្យ និងធ្វើរោគវិនិច្ឆ័យរកជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆាប់រហ័ស ដើម្បីបើកផ្លូវឱ្យពួកគេបានលក់ដូរជ្រូកបានឆាប់កាត់បន្ថយការខាតបង់។

ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចិញ្ចឹមជ្រូកប្រមាណ ៨៤៨គ្រួសារ។ ជ្រូកដែលចិញ្ចឹមទាំងកូន មេ និងចិញ្ចឹមយកសាច់ មានចំនួនជាង ៩ពាន់ក្បាល។ មកដល់បច្ចុប្បន្នជំងឺបេស្តជ្រូកធ្វើឱ្យងាប់ជ្រូកជាច្រើនក្បាលមកហើយ។ ក្រៅពីងាប់ជ្រូករបស់ពួកគេដែលនៅរស់ ក៏មិនត្រូវបានអនុញ្ញាតឱ្យលក់នោះដែរ ព្រោះក្រសួងខ្លាចការជួញដូរជ្រូកនៅតំបន់នោះនាំឱ្យរីករាលដាល់ទៅតំបន់ដទៃ។

ក្រុមអ្នកចិញ្ចឹមជ្រូកទាំងនោះ បានទទូចស្នើសុំឱ្យមានវិធានការសមស្របណាមួយពីក្រសួង ដើម្បីឱ្យពួកគេបានលក់ជ្រូកនោះចេញកាត់បន្ថយការខាតបង់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចបញ្ជូនមន្ត្រីជំនាញ រួមទាំងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យផងទៅកាន់តំបន់ផ្ទុះជំងឺប៉េស្តជ្រូក ក្នុងបំណងធ្វើរោគវិនិច្ឆ័យរកជំងឺប៉េស្តជ្រូកឱ្យបានឆាប់រហ័សសម្រួលដល់ការលក់ដូរជ្រូករបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីលទ្ធផលនៃការវិភាគសំណាកឈាមជ្រូក មិនមានវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេនោះ ក្រសួងនឹងអនុញ្ញាតឱ្យធ្វើការលក់សត្វជ្រូកចេញពីតំបន់កើតជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋអាចទទួលបានប្រាក់ចំណូល ក្នុងការទូទាត់ចំណាយដែលបានខិតខំចិញ្ចឹមកន្លងមក៕