(ភ្នំពេញ)៖ លោក ចាន់ ធី ជាប្រជាពលរដ្ឋខ្មែរមួយរស់នៅក្នុងខេត្តបាត់ដំបង។ ព្រោះតែបញ្ហាជីវភាពបានធ្វើឱ្យបុរសវ័យជិត ៤០ឆ្នាំរូបនេះ បានសម្រេចចិត្តធ្វើចំណាកស្រុកទៅធ្វើការងារសំណង់ក្នុងប្រទេសថៃអស់រយៈពេលជាង២០ឆ្នាំ។

លោក ធី បានរៀបរាប់ប្រាប់ Fresh News ថា ក្នុងរយៈពេល២០ឆ្នាំនៃការបម្រើការងារជាពលករផ្នែកសំណង់លើទឹកដីថៃជួបការលំបាកជាច្រើន ដូចជាត្រូវរស់លាក់ខ្លួនពួនអាត្មាពីសមត្ថកិច្ចថៃ ព្រោះតែលោកទៅបម្រើការងារខុសច្បាប់ ហើយការបម្រើការងារនៅថៃនោះទៀតសោតមិនសូវជាសល់ប្រាក់នោះទេ។

បន្ថែមពីលើនេះទៀត ការបម្រើការងារឆ្ងាយផ្ទះតែងតែនឹករលឹកដល់ប្រពន្ធ និងកូន។ តែបើទោះបីជានឹកយ៉ាងណាក៏មានតែទ្រាំ ព្រោះពិបាកក្នុងការឆ្លងដែនមកលេងស្រុក។ នេះបើតាមការរៀបរាប់របស់លោក ចាន់ ធី។

បច្ចុប្បន្ននេះវិស័យសំណង់នៅកម្ពុជាកំពុងមានសន្ទុះជាខ្លាំងមិនថាតែនៅទីក្រុង ឬទីជនបទនោះទេ។ តំបន់សេដ្ឋកិច្ចពិសេស DMS ថ្មដា ស្ថិតនៅច្រកព្រំដែនថ្មដា ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាការវិនិយោគរួមគ្នារវាងឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងអ្នកវិនិយោគចិន បាននិងកំពុងរួមចំណែកផ្តល់ការងារផ្នែកសំណង់ជាច្រើនកន្លែងដល់ប្រជាពលរដ្ឋខ្មែរ។

ការអភិវឌ្ឍនៅតំបន់ថ្មដានេះ បានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរប្រមាណជា ៧០០នាក់។ លោក ចាន់ ធី ក៏ជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលកំពុងបំពេញការងារជាេមជាងសំណង់នៅតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។

លោក ចាន់ ធី បានមកបម្រើការនៅការដ្ឋានសំណង់អគារក្នុងតំបន់សេដ្ឋកិច្ចពិសេស DMS ថ្មដា នេះអស់រយៈពេល២ឆ្នាំមកហើយជាមួយភរិយារបស់លោក។ លោក ចាន់ ធី បានអះអាងថា ការបម្រើការនៅទីនេះ ធ្វើឱ្យសល់ប្រាក់ខែចន្លោះពី ៥០០ដុល្លារ ទៅ ៦០០ដុល្លារក្នុងមួយខែ ហើយបានជួយឱ្យជីវភាពរបស់លោកបានប្រសើរជាងមុនផងដែរ។

លោក ធី បានរៀបរាប់ថា កាលពីពេលធ្វើការងារនៅថៃ មិនត្រឹមតែមិនសល់លុយនោះទេ ថែមទាំងជំពាក់លុយធនាគារថែមទៀតផង។ តែបច្ចុប្បន្នលោក បានសងធនាគាររួចរាល់ ហើយសន្សំលុយបានទិញម៉ូតូ និងដី ព្រមទាំងកំពុងរៀបចំសង់ផ្ទះសម្រាប់រស់នៅផងដែរ។

លោក ចាន់ ធី បានថ្លែងថា បច្ចុប្បន្ននៅខ្មែរមានការងារធ្វើច្រើនមិនលំបាកដូចពីមុននាំឱ្យលោកត្រូវធ្វើចំណាកស្រុកទៅរកការងារធ្វើនៅថៃនោះទេ ហើយប្រាក់ឈ្នួលក៏ប្រសើរជាងនៅប្រទេសថៃផងដែរ។ អតីតពលករសំណង់នៅប្រទេសថៃរូបនេះ បានបញ្ជាក់ដូច្នេះ «នៅខ្មែរសប្បាយជាងពីមុនឥឡូវមានការងារធ្វើជាងពីមុនការងារអីក៏យើងមាន។ យើងមើលទៅវាមានការជឿនលឿនជាងពីមុន ធម្មតាវាមានការងារធ្វើ វាមិនសូវពិបាកដូចមុន។ យើងមិនបាច់ទៅប្រទេសគេ វាមិនដូចពីមុនទេ»។

លោក ធី ក៏បានលើកឡើងដែរថា ការប្រកបការងារនៅស្រុកខ្មែរមានភាពងាយស្រួលច្រើន បើធៀបជាមួយការទៅធ្វើការងារនៅក្នុងប្រទេសថៃ។ ការធ្វើការងារនៅក្នុងស្រុកងាយស្រួលក្នុងការទៅលេងផ្ទះ ហើយការប្រើប្រាស់ទូរស័ព្ទទៀតសោតក៏មិនចំណាយលុយច្រើនដូចនៅក្នុងប្រទេសថៃនោះដែរ។

ជាមួយការមានការងារធ្វើទទួលបានប្រាក់ឈ្នួលខ្ពស់ធ្វើឱ្យជីវភាពល្អប្រសើរនោះ លោក ចាន់ ធី ក៏បានបង្ហាញឆន្ទៈក្នុងការសន្សំលុយកាក់ផ្តល់ការសិក្សាឱ្យកូនមានចំណេះដឹងខ្ពង់ខ្ពស់ផងដែរ។ លោក ធី លើកឡើងថា មិនចង់ឱ្យកូនក្លាយជាមនុស្សមិនបានចេះអក្សរដូចរូបលោកនោះឡើយ។

លោក ចាន់ ធី ក៏បានអរគុណផងដែរថា ដល់ឧកញ៉ា ទ្រី ភាព និងអ្នកវិនិយោគចិន ដែលបានដាក់ទុនវិនិយោគ និងអភិវឌ្ឍន៍នៅថ្មដា ផ្តល់ការងារ និងប្រាក់ឈ្នួលសមរម្យសម្រាប់រូបលោក ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត៕