(កំពង់ធំ)៖ រថយន្ដក្រុមហ៊ុនមួយគ្រឿង ដែលលួចដឹកសត្វព្រៃប្រវឹកជាង ១០០០ក្បាល ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខេត្តកំពង់ធំ។

លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដែលដឹកនាំប្រតិបត្តិការនេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា រថយន្ដមួយគ្រឿង ដែលលួចដឹកសត្វប្រវឹកនេះ សង្ស័យនាំយកមកពីព្រំដែនថៃ ហើយប្រវិកនេះជាប្រវឹកព្រៃ មិនមែនគេចញ្ចឹមនោះទេ ដោយពួកគេបម្រុងនាំយកទៅរាជធានីភ្នំពេញ។

លោក អ៉ិត សុធា បានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៣នាក់ផងដែរ ហើយបច្ចុប្បន្នកំពុងធ្វើការសួរនាំ នៅរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ដោយឡែក សត្វប្រវឹកព្រៃទាំងអស់នោះ បានប្រលែងចូលព្រៃធម្មជាតិ នៅរមណីយដ្ឋានប្រិយប្រស់។

នៅលើរថយន្តដែលដឹកសត្វប្រវឹកទាំងនេះ ត្រូវបានគេឃើញថា មានបិទស្លាកឈ្មោះក្រុមហ៊ុន CP ប៉ុន្តែមិនដឹងថា តើជាក្រុមហ៊ុនហ្នឹងឬមួយយ៉ាងណានោះទេ។

សូមជម្រាបថា ករណីនេះកន្លងទៅសមត្ថកិច្ចក៏ធ្លាប់បានបង្ក្រាបជាបន្ដបន្ទាប់ផងដែរ ប៉ុន្ដែមិនមែនទ្រង់ទ្រាយធំដូចករណីនេះទេ ពោលមានសត្វប្រវិកបន្ដិចបន្ទួចប៉ុណ្ណោះ។ នេះបើតាមការដឹងពី លោក អ៉ិត សុធា៕