(មណ្ឌលគិរី)៖ មន្ដ្រីជំនាញចំនួន ៥នាក់ ដែលធ្វើការពាក់ព័ន្ធទៅនឹងព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថហៅយកទៅសួរនាំ តាំងពីព្រឹក រហូតមកដល់ត្រឹមវេលាម៉ោងប្រមាណ ០២៖៤០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់ឃើញអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ។

មន្ដ្រីទាំង ៥នាក់ ដែលត្រូវបានអាវុធហត្ថហៅទៅសួរនាំនោះ ត្រូវបានគេអះអាងថា មានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ដែលកម្លាំងថ្នាក់ជាតិកំពុងចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនឈ្មួញឈើ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News នៅខេត្ដមណ្ឌលគិរី បានឲ្យដឹងថា មន្ដ្រីទាំង៥នាក់នោះ ស្ថិតនៅក្នុងមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន រួមមាន៖

*ទី១៖ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
*ទី២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន
*ទី៣៖ លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ
*ទី៤៖ លោក ប៉ែត ភ័ក្រ្តា ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក
*ទី៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានចេញប្រតិបត្តិការយ៉ាងក្ដៅគគុក ចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី រហូតមានការចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ព្រមទាំងកម្ទេចវត្ថុតាងជារថយន្ដ និងដកហូតរថយន្ដដឹកឈើខុសច្បាប់ជាច្រើនគ្រឿងផងដែរ៕

«លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»

«លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន»

Advertising