(ព្រះសីហនុ)៖ លោក ហ៊ុន ម៉ានី រួមដំណើរជាមួយនឹងលោក សាយ សំអាល់ និងក្រុមការងារ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះកងកម្លាំង ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំអគារ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅនេះ ចំនួន៤១៥នាក់ នៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។

លោក ហ៊ុន ម៉ានី បានបង្ហាញពីការសោកស្តាយ និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងជនរងគ្រោះដែលរស់រានមានជីវិត ហើយកំពុងសម្រាកព្យាបាលទាំងអស់។

ទន្ទឹមនឹងនោះ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ កងកម្លាំង ដោយលោកបានថ្លែងថា « ពិតណាស់ អ្វីដែលបានកើតឡើង បានចប់ផុតទៅហើយ តែអ្វីដែលយើងទាំងអស់គ្នា ចងចាំមិនភ្លេចនោះ គឺការលះបង់អស់ពីកម្លាំងកាយចិត្ត និងស្មារតីរបស់ក្រុមសង្គ្រោះ ដោយបានដាក់គោលដៅរួមមួយ គឺការជួយបងប្អូនប្រជាជន យើងដោយមិនចង់បានអ្វីតប »។

លោកថា បើទោះបីជាទំហំនៃការបាត់បង់ មានវិសាលភាពធំធេង តែឧបទ្ទវហេតុនេះ បានបង្ហាញច្បាស់ពីការរួបរួមគ្នារបស់គ្រួសារខ្មែរ នៅក្នុងកាលៈទេសៈលំបាក ហើយបានបន្សល់នូវមេរៀន និងការចងចាំសម្រាប់ប្រជាជន ជាពិសេសយុវជន។

លោក ហ៊ុន ម៉ានី បានថ្លែងថា «ពូៗ បងប្អូន ពិតជាបានបន្សល់ទុកនូវគម្រូវីរភាពនៃការរួមចិត្ត រួមកម្លាំង ការចេះជួយគ្នាវិញទៅមក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ដល់យុវជនគ្រប់ៗរូប និងជាពិសេស ដល់កូនចៅជំនាន់ក្រោយ »

ជាមួយគ្នានោះ លោកបានលើកឡើងពី ចំណាត់ការដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរ ដើម្បីគ្រប់គ្រងកុំឲ្យមិនមានឧបទ្ទវហេតុដូចគ្នានេះកើតឡើងជាថ្មីម្តងទៀត៕