(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជូនចោរឆក់ចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយសមត្ថកិច្ចបង្ក្រាបបានជាបន្ដបន្ទាប់នៅខណ្ឌដង្កោ និងខណ្ឌចំការមន។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ា វីរៈបុណ្យ អាយុ១៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនបាន កាលពីវេលាម៉ោង០១៖០៩នាទី រំលងអធ្រាត្រ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៦៣ កែងផ្លូវ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ និងបក្សពួកម្នាក់ទៀត ឈ្មោះ ណីណី អាយុប្រហែល៣០ឆ្នាំ (គេចខ្លួន) ជិះម៉ូតូ០១គ្រឿងម៉ាក Fino ពណ៌ខ្មៅ ស្លាកលេខព្រៃវែង1F-4760។

ពួកគេបានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីជនរងគ្រោះ ជាជនជាតិចិន ដែលកំពុងធ្វើដំណើរលើដងផ្លូវ ភ្លាមនោះជនរងគ្រោះបានស្រែកឲ្យគេឯងជួយ ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌចំការមន កំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានប្រដេញតាមពួកគេទាំង០២នាក់ រហូតដល់ផ្លូវ៣៦០ កែងផ្លូវ១៦៧ ទើបធ្វើការឃាត់ខ្លួនបានម្នាក់ ចំណែកឈ្មោះ ណីណី បានរត់គេចខ្លួនបាត់។

ដោយឡែក ជនសង្ស័យ២នាក់ផ្សេងទៀត ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅដល់ពន្ធនាគារព្រៃស នៅព្រឹកទី១២ ខែកក្កដានេះដែរ បន្ទាប់ពីពួកគេទាំង02នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន កាលពីរវេលាម៉ោង៧៖២០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ និងត្រូវបានអាវុធខណ្ឌដង្កោ ប្រដេញចាប់បាន បញ្ជួនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿង ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ជាបន្ត។

ជនសង្ស័យទី១៖ឈ្មោះ មឿន សុវណ្ណ ផាកភុង អាយុ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងទី២៖ឈ្មោះ សាត សុខឌីណា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះឈ្មោះ សារិន ស្រីលាភ អាយុ២០ឆ្នាំ មុខបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ដំបូងឡើយ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក Click ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1R-7281 ចេញពីភូមិម័ល សង្កាត់ដង្កោ ទៅភូមិស្រុកចែក សង្កាត់ជើងឯក ជិះតាមផ្លូវ២១៧ ជិះពីជើងទៅត្បួង ពេលដែលជិះមកពាក់កណ្ដាលផ្លូវ ស្រាប់តែប្ដីរបស់គាត់បានខលទូរស័ព្ទមក ហើយនាងក៏បានឈប់ម៉ូតូដកទូរស័ព្ទមកនិយាយ តែមិនទាន់បាននិយាយផង ស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Click ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FL-0463 ជិះមកពីក្រោយរួចក៏ធ្វើសភាពឆក់ទូរស័ព្ទ ហើយជិះម៉ូតូគេចខ្លួន តែពេលនោះនាងបានស្រែកថា ចោៗ ហើយបានជិះម៉ូតូដេញតាម ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ល្បាតក្នុងមូលដ្ឋានបានឃើញក៏ប្រដេញតាមចាប់បាន ទាំង២នាក់តែម្តង។

ក្រោយពេលដឹងថាធ្វើខុស ជនសង្ស័យម្នាក់បានលុតជង្គង់ ទ្រហ៊យំសុំទោសជីដូន ដែលធ្វើជាអាណាព្យាបាលជំនួសឪពុកម្តាយ ដែលស្លាប់បាត់ ទាំងសោកស្តាយនូវកំហុសរបស់ខ្លួន គួរឲ្យអាណិតអាសូ តែក៏មិនអាចរួចផុតពីការទទួលទោស ចំពោះទង្វើរបស់ខ្លួនបានឡើយ៕