(ភ្នំពេញ)៖ ទីបំផុតទៅ! លោកឧត្តមសេនីយ៍ត្រី ង៉ែត ហឿន អនុប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ បានសម្រេចដាក់ពាក្យប្តឹងបុរសម្នាក់ឈ្មោះ ចេក ជាតិ ពីបទ «បរិហារបង្កាច់កេរ្តិ៍» ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យជួយរកយុត្តិធម៌ និងទាមទារសំណងជំងឺចិត្តចំនួន ១សែនដុល្លារ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ លោក ចេក ជាតិ បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ង៉ែត ហឿន ថា បានឆបោកប្រាក់អស់ចំនួន ៧ម៉ឺនដុល្លារ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងការរត់ការឯកសារឡើងធ្វើអភិបាលរងខេត្តបាត់ដំបង ប៉ុន្តែមិនបានសម្រេចស៊ីដាច់លុយអស់។

លោកឧត្តមសេនីយ៍ត្រី ង៉ែត ហឿន អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ១១៧P ផ្លូវ២៣P7 ភូមិគោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបចំពាក្យបណ្តឹងទៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដោយចោទប្រកាន់លើឈ្មោះ ចេក ជាតិ ពីបទ បរិហារបង្កាច់កេរ្តិ៍។

លោកឧត្តមសេនីយ៍ត្រី ង៉ែត ហឿន បានចាត់ទុកថា ការចោទប្រកាន់ថាលោកឆបោកប្រាក់ ចំនួន ៧ម៉ឺននោះ គឺឈ្មោះ ចេក ជាតិ មានបំណងទុច្ចចរិតបង្កើតអង្គហេតុក្លែងក្លាយ ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់ក្រុមគ្រួសារ និងស្ថាប័នដែលលោកកំពុងបម្រើការងារថែមទៀតផង៕

«ឈ្មោះ ចេក ជាតិ»

«លោកឧត្តមសេនីយ៍ត្រី ង៉ែត ហឿន»