(បន្ទាយមានជ័យ)៖ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សា និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះទស្សនកិច្ច រោងចក្រកាត់ដេរ ស៊ីសូផុនអ៊ីនដាស្ទ្រៀល ក្រុងសិរីសោភ័ណ។

លោក ខេង ស៊ុម រួមនឹងលោក អ៊ុ រាត្រី បានពិនិត្យមើលសង្វាក់ផលិតកម្មកាត់ដេរ ដែលបានដំណើរកាកន្លងមក និងជួបជាមួយលោក សាយជិញថា វីគិត ប្រធានក្រុមហ៊ុន TK GARMENT SISOPHON Co,LTD និងសួនឧស្សាហកម្ម ដែលមានការវិវត្តន៍យ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះលោកប្រធានក្រុមហ៊ុន ក៏បានថ្លែងការអរគុណចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ធ្វើឲ្យរោងចក្រកាត់ដេរដំណើរការយ៉ាងល្អប្រសើ ដោយសព្វថ្ងៃមានការកម្មករ-កម្មការិនី បំរើការនៅក្នុងរោងចក្រជិត ៣០០០នាក់ហើយ។

នាឱកាសនោះអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា យោងគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍ វិស័យការងារ និងមុខរបររបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភាជាតិ និងផែនការយុទ្ធសាស្រ្ត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្តបានពិនិត្យឃើញថា វិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតគ្រឿងអេឡិចត្រូនិច ផលិតប្រអប់គ្រឿងអលង្កា គ្រឿងបន្លាសរថយន្ត គ្រឿងបង្គុំអគ្គីសនី រោងចក្រស្លអាលុយមីញូម បានរីកដុះដាលបោះជំហានមាន សន្ទុះរីកចម្រើន គួជាទីមោទន ដែលក្នុងនោះមានកម្មករ ដែលកំពុងដំណើរការផលិតភាព វិជ្ជាជីវៈ សេដ្ឋកិច្ច តាមមុខជំនាញសេដ្ឋកិច្ចផ្សេងៗពីគ្នា កំពុងបំរើការងារយ៉ាងសកម្មចំនួន ២៣,៣៩៩នាក់ ស្រី១៣,៣៨៨នាក់ (គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨) តាមកម្រិតស្តង់ដារអន្តរជាតិ និងទៅតាមតម្រូវការសកលភាវូបនិយកម្មសេដ្ឋកិច្ចទីផ្សារក្នុងស្រុកក្នុងតំបន់ និងទៅតាមតម្រូវការទីផ្សារ នៅលើពិភពលោកផងដែរ។

ពិសសក្នុងនោះ ប្រជាពលរដ្ឋយើងក៏មានការងារធ្វើនៅក្នុងស្រុកមានកំណើនខ្ពស់ ឈានទៅកាន់បន្ថយការធ្វើទេសន្តរប្រវេសន៍ការងារទៅក្រៅប្រទេស ទាំងស្របច្បាប់ និងខុសច្បាប់ បានយ៉ាងច្រើនជាអតិបរិមាទៀតផង។

គោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ផងដែរ ដោយផ្ដោតជាសំខាន់លើ សរសរស្ដមធំៗបីគឺ ទី១-ការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់។ ទី២-ការជម្រុញការអភិវឌ្ឍជំនាញធនធានមនុស្ស និងទី៣-ការពង្រឹងអភិបាលកិច្ចទីផ្សារការងារមានគុណភាព និងប្រសិទ្ធភាព។ ទន្ទឹមនឹងនេះដើម្បីធានាបានប្រសិទ្ធភាព នៃការអភិវឌ្ឍ គោលនយោបាយនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ធ្វើជាស្ថាប័នទទួលខុសត្រូវដឹកនាំសម្របសម្រួលជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តន៍តាមគោលនយោបាយ ដែលបានដាក់ចេញនូវគោលដៅយ៉ាងច្បាស់លាស់តាមសូចនាកររំពឹងទុក មិនងាករេ និងមិនថយក្រោយនោះឡើយ៕