(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា អមដំណើរដោយលោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានចំពោះព្រះសង្ឃ នៅវត្តស្មាច់ដែង ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី និងក្រុមការងារ ក៏បានធ្វើពិធីសូត្រមន្ត បង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារកាលពីថ្មីៗកន្លងទៅនេះ និងជូនមគ្គផលកុសលផលបុណ្យចំពោះជនរងគ្រោះដែលរស់រានមានជីវិត សូមឲ្យឆាប់បានជាសះស្បើយ និងត្រឡប់ទៅប្រកបរបរប្រចាំថ្ងៃតាមធម្មតា។

បន្ទាប់ពីពិធីនេះ លោក ហ៊ុន ម៉ានី និងគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់បងប្អូនកងកម្លាំង និងក្រុមសង្គ្រោះទាំងអស់ ដែលបានចូលរួមក្នុងបេសកម្មជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩៕