(ភ្នំពេញ)៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង, រថយន្តតូច៣គ្រឿងហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេងស្ដាំ, និងកត្ដាយាន។

សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១២៤លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៧នាក់ របួសធ្ងន់១០៨នាក់ និងរបួសស្រាល៦៧នាក់៕