(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សហការជាមួយអង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទីភ្នាក់ងារ JICA បានរៀបចំសិក្ខាសាលាស្ដីពី Artificial Intelligence and Internet of Things និងបើកវគ្គ IT Profession Training។

សិក្ខាសាលានេះធ្វើឡើងនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាពលោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និងមានការចូលរួមពីតំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារ JICA ដោយមានការចូលរួមពីមន្ត្រីរាជការ សាស្រ្តាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យ វិទ្យាស្ថាន សរុបប្រមាណ ១៥០នាក់។

កម្មវិធីសិក្ខានេះ ផ្ដោតសំខាន់ទៅលើចំណេះដឹងអំពីនិន្នាការបច្ចេកវិទ្យាថ្មីៗ ដែលឈានទៅកាន់ការអភិវឌ្ឍ និងបំពាក់នូវបច្ចេកវិទ្យា AI និង IoT និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពមួយក្នុងការអនុវត្តគម្រោង «អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យាសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន»

គម្រោងនេះមានគោលបំណងលើកកម្ពស់ឱកាសការងារ នៅតាមតំបន់សេដ្ឋកិច្ចពិសេស ហើយចុងក្រោយ គេនឹងបង្កើតប្រព័ន្ធវាយតម្លៃកម្រិតយល់ដឹងរបស់វិស្វករបច្ចេកវិទ្យា តាមរយៈការប្រលង។ ម៉្យាងទៀត ការបង្កើតឱកាសការងារសម្រាប់ជនក្រីក្រក៏អាចសម្រេចបាន តាមរយៈការលើកកម្ពស់ការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅតាមបណ្តាខេត្តពាក់ព័ន្ធនានា។

គម្រោងនេះ មានរយៈពេល៤៨ខែ ចាប់ពីឆ្នាំខែតុលា ឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ២០២ ដោយមានសកម្មភាពចម្បង ដូចជា បណ្តុះបណ្តាលគ្រូបង្គោល បណ្តុះបណ្តាលមន្ត្រីរាជការ និងសាធារណជន សិក្ខាសាលាផ្សព្វផ្សាយ និងការផ្គូរផ្គងជំនាញជាមួយនឹងការងារ៕