(កំពង់ចាម)៖ អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរថ្នាំញៀន នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់ជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយជំនាញស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានប្រើវិធានញុះញង់ បង្ក្រាបករ ណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០២ករណី ឃាត់ខ្លួនជនសង្ស័យ០៣នាក់។

ជនសង្ស័យទី១៖ ឈ្មោះ ឡាយ ផល្លីន អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម, ទី២៖ ឈ្មោះ ហុង កក្កដា អាយុ២០ឆ្នាំ រស់នៅភូមិ ច្រកភ្នំ ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងទី៣៖ ឈ្មោះ សឿង ភុតរាជ អាយុ១៩ឆ្នាំ រស់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងនោះ ដកហូតបានម្សៅក្រាមពណ៌ស ចំនួន០៦កញ្ចប់ ប្រាក់ញុះញង់សរុប៩០,០០០រៀល ម៉ូតូ០២គ្រឿង ទូរស័ព្ទដៃ០៣គ្រឿង ដាវ០១ដើម និងឧបករណ៍សេពមួយសម្រាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕