(ព្រះសីហនុ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សូ ខនរិទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីអប់រំសុខភាព ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ពិធីនេះធ្វើឡើងនៅក្មុងបរិវេណសាលាបឋមសិក្សាភូមិ ទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមការរៀបចំរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMAY) សហការជាមួយក្រុមគ្រូពេទ្យស្ម័គចិត្ត មកពីប្រទេសម៉ាឡេស៊ី Malaysia Relief Agency (MRA) ដែលមានអ្នកចូលរួម៥០០នាក់។

លោក សូ ខនរិទ្ធីគុណ បានកោតសរសើរចំពោះសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការចូលរួមដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យកម្មវិធីនេះប្រកបដោយជោគជ័យ និងផ្តល់ផល់ប្រយោជន៍ សម្រាប់អ្នកជំងឺទូទៅ ពីគ្រប់មជ្ឈដ្ឋាន។

លោកបន្តថា នៅដើមរដូវវស្សានេះ ក្រសួងសុខាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានប្រកាសអំពីការកើនឡើងខ្ពស់ នៃជំងឺគ្រុនឈាមលើកុមារ ដែលជំងឺនេះ ត្រូវបានគេទទួលស្គាល់ថា ឆ្លងតាមរយៈមូសខ្លាខាំ ហើយវាអាចសម្លាប់អ្នកជំងឺ ប្រសិនបើមិនមានការព្យាបាលទាន់ពេលវេលា។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជាការសំអាតបរិវេណគេហដ្ឋាន បំបាត់ចោលនូវ រាល់កាកសំណល់ ក៏ដូចជារបស់ដែលធ្វើឲ្យមានទឹកដក់ ដែលជាជំរកដង្កូវទឹក ត្រូវញ៉ាំទឹកច្អិនដែលដាំពុះរយៈពេល១៥នាទី ហើយជាពិសេសបើមានកូនឈឺ សូមប្រញាប់នាំពួកគេទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។

ក្រោយពីបញ្ចប់កម្មវិធីនេះ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បាននាំថវិកាដែលជាការៃអង្គាស ពីសមាជិកក្រុមការងារ និងចូលរួមពីសប្បុរសជនសិង្ហបុរី ជាបដិភាគក្នុងការជួសជុល និងចាក់គ្រួសផ្លូវលំមួយខ្សែប្រវែង៣៥០ម៉ែត្រ នៅភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនុប ខេត្តព្រះសីហនុ៕