(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៩ នៅការិយាល័យសហព័ន្ធលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សាស្តីពី ការរៀបចំកម្មវិធីមហាសន្និបាតបូកសរុបសមិទ្ធផលការងារ និងការបោះឆ្នោតសហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់អាណត្តិទី៣ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

បន្ទាប់ពីបានស្តាប់បទបង្ហាញស្តីពីសមិទ្ធផលនានា បច្ចុប្បន្នភាពវិស័យស្រូវអង្ករ និងគម្រោងរៀបចំកម្មវិធីខាងលើរបស់លោក មូល សារិទ្ធី អគ្គលេខាធិការ អង្គប្រជុំទាំងមូលបានពិភាក្សាគ្នាយ៉ាងផុសផុល និងឯកភាពទាំងស្រុងលើការរៀបចំលើកម្មវិធីនេះតាមអ្វីដែលបានគ្រោងទុក។

ជាពិសេស អង្គប្រជុំក៏បានពិភាក្សានិងបានឯកភាពទាំងស្រុងលើការកែសម្រួលនីតិវិធីខ្លះ និងរចនាសម្ព័ន្ធរបស់សហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣ ដើម្បីធ្វើអោយកាន់តែមានភាពកាន់តែប្រសើរឡើងសម្រាប់ដំណើការសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជួយសម្រួលដល់សមាជិកសមាជិកា ភាគីពាក់ព័ន្ធ និងវិស័យស្រូវអង្ករកម្ពុជាទាំងមូលអោយមានដំណើរទៅមុខជាបន្តបន្ទាប់តាមផែនការដែលយើងបានដាក់ចេញនាពេលកន្លងមក។

នៅក្នុងឱកាសនោះ ប្រធានសហព័ន្ធ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាភិបាល សមាជិកសមាជិកា លេខាធិការដ្ឋានសហព័ន្ធ ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការគ្នាដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗទាំងនេះសម្រាប់ជួយដល់សមាជិកក៏ដូចជាវិស័យស្រូវអង្ករកម្ពុជាទាំងមូល។

លោក ក៏បានសង្កត់ធ្ងន់ដែរថា សហព័ន្ធយើងត្រូវបន្តនីតិវិធី និងបន្តធ្វើការពាក់ព័ន្ធការប្តឹងតវ៉ារបស់យើងទៅកាន់តុលាការសហភាពអឺរ៉ុបចំពោះការដាក់ពន្ធលើអង្ករកម្ពុជា ដែលបានដាក់ពាក្យបណ្តឹងរួចហើយនាពេលកន្លងមក។

អង្គប្រជុំបានបញ្ចប់ប្រកបដោយលទ្ធផលល្អ និងមានភាពស្និទ្ធស្នាលក្រៃលែង៕