(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានប្រកាសឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចាត់វិធានការបង្ការទប់ស្កាត់ និងត្រួតពិនិត្យការីករាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិកដើម្បីបញ្ជៀសកុំឱ្យជំងឺនេះឆ្លងរាលដាលចូលក្នុងទឹកដីខេត្តបន្ទាយមានជ័យ គ្រាដែលមន្រ្តីជំនាញពេទ្យសត្វខេត្ត បានបង្ហាញឱ្យដឹងថា ជំងឺនេះបានឆ្លងរាលដាលចំនួន ៥ខេត្តហើយ ក្នុងប្រទេសកម្ពុជារួមមាន៖ ខេត្តរតនគីរី ខេត្តស្វាយរៀង ត្បូងឃ្មុំ តាកែវ និងចុងក្រោយរាលដាលមកដល់ខេត្តកណ្តាល ដែលបណ្តាលឱ្យសត្វជ្រូករាប់សិបក្បាលបានស្លាប់។

ខណៈដែលមានការប្រកាសចាត់វិធានការបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យ គេឃើញមន្ត្រីជំនាញពេទ្យ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានប្រញ៉ាប់ចុះធ្វើសកម្មភាពត្រួតពិនិត្យអនាម័យផលិតផលសាច់ជ្រូក នៅទីសត្តឃាត និងផ្សព្វផ្សាយអប់រំជូនដល់កសិករចិញ្ចឹមជ្រូក និងអាជីវករលក់ផលិតផលសាច់ជ្រូក នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឱ្យពួកគាត់យល់ដឹងពិវិធីសាស្រ្តបង្ការ និងការចូលរួមទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក។

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូច ប្រាប់ឱ្យដឹងថា ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម និងអភិបាលខេត្តបន្ទាយមានជ័យ អនុវត្តលើវិធានការបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិច មន្រ្តីជំនាញពេទ្យសត្វ បានចុះទៅអប់រំអាជីវករលក់ផលិតផលសាច់ជ្រូកនៅក្នុងផ្សារហ៊ុយ ឡេង និងផ្សារចំការគរ ក្នុងក្រុងសិរីសោភ័ណ ដោយណែនាំឱ្យពួកគាត់ត្រូវជ្រើសរើសាច់ជ្រូកយកមលក់មានប្រភពច្បាស់លាស់ និងភ្ជាប់លិខតិច្បាប់អនុញ្ញាតពីសុខភាពសត្វ មន្រ្តីជំនាញក៏បានណែនាំអាជីវករលក់សាច់ជ្រូក មិនត្រូវយកសាច់ជ្រូកគ្មានប្រភព និងគ្មានច្បាប់ទម្លាប់យកមកលក់នៅលើទីផ្សារឡើយ។

មន្រ្តីជំនាញពេទ្យសត្វក៏បានបន្តទៅត្រួតពិនិត្យអនាម័យផលិតផលសាច់ជ្រូក នៅទីសត្តឃាតក្នុងក្រុងសិរីសោភ័ណ ដោយបានណែនាំឱ្យម្ចាស់ទីសត្តឃាត ត្រូវយកសត្វជ្រូករបស់ក្រុមហ៊ុន ដែលមានច្បាប់អនុញ្ញាត និងចៀសវាងនាំសត្វជ្រូកពីប្រទេសវៀតណាម និងសត្វជ្រូកដែលគ្មានប្រភពច្បាស់លាស់យកមកធ្វើអាជីវកម្ម និងកន្លែងទីសត្តឃាតត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ។

វិធានការទប់ស្កាត់នោះផងទៀត មន្រ្តីជំនាញពេទ្យសត្វ ក៏បានចុះទៅត្រួតពិនិត្យកសិកចិញ្ចឹមជ្រូកសរុប ២៥កន្លែង ចំនួន៣០ម្ចាស់នៅក្នុងស្រុកស្វាយចេក ដោយមន្រ្តីជំនាញបានណែនាំ កសិករឱ្យពួកគាត់ ត្រូវបាញ់ថ្នាំរំងាប់មេរោគជាប្រចាំផងដែរ ហើយខណៈនោះមន្រ្តីជំនាញ ក៏បានចុះបាញ់ថ្នាំរំងាប់មេរោគនៅទីកន្លែងចិញ្ចឹមជ្រូកនីមួយៗនិងបានផ្សព្វផ្សាយចែកខិតប័ណ្ណ ជូនកសិករចិញ្ចឹមជ្រូក និងកិបផូស្ទ័រនៅតាមនៅតាមលំនៅឋានកសិករចិញ្ចឹមជ្រូក ក្នុងការឆ្លើយតបត្រៀមបង្ការទប់ស្កាត់ជម្ងឺប៉េស្តជ្រូក។

កិច្ចការងារនេះមន្រ្តីជំនាញពេទ្យសត្វនៅតែបន្តពង្រឹង តាមដានត្រួតពិនិត្យជាប្រចាំអំពីសុខភាពសត្វនៅកសិដ្ឋានចិញ្ចឹមជ្រូក និងនៅទីសត្តឃាត និងទប់ស្កាត់នៃការនាំចូលសត្វជ្រូកគ្មានច្បាប់ និងគ្មានប្រភពច្បាស់លាស់។

លោក ហ៊ុយ ទូច ប្រាប់ឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មកដល់ពេលនេះមិនទាន់មានករណីផ្ទុះរីករាលដាលជំងឺប៉េស្តជ្រូកនៅឡើយនោះទេ៕