(ក្រចេះ)៖ លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ដឹកនាំកម្លាំអាវុធហត្ថបង្ក្រាប និងដុតបំផ្លាញចោលរថយន្ដ បាកុងសម្រាប់ស្ទូចឈើចំនួន ២គ្រឿង ដែលក្រុមឈ្មួញលាក់ទុក ក្នុងចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅភូមិជ្រោះជ្រៅពោធិសាល ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តក្រចេះអាវុធហត្ថស្នាក់សន្តិសុខ ៧០៧ កម្លាំងអាវុធហត្ថស្រុកស្នួល អាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែកក្ដដា បានរុករកប្រទះឃើញរថយន្ដបាកុង សម្រាប់ស្ទួចឈើចំនួន ២គ្រឿង របស់ក្រុមឈ្មួញដែលលាក់ទុក ក្នុងចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅភូមិជ្រោះជ្រៅពោធិសាល ឃុំក្រញ៉ូងសែនជ័យ តែឥឡូវនេះ ត្រូវបានដុតបំផ្លាញចោលចប់សព្វគ្រប់ហើយ។

កាលពីម្សិលមិញ រថយន្តដឹកឈើ២គ្រឿងដែលដឹកឈើ ក៏ត្រូវបានបង្ក្រាប និងដុតបំផ្លាញចោលផងដែរ ក្រោយពីកម្លាំងអាវុធហត្ថក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបនៅខេត្តមណ្ឌលគិរី៕