(ស្វាយរៀង)៖ នៅក្នុងការផ្សព្វផ្សាយបង្កើនកិច្ចសហការរបស់និយោជក និងវិស័យឯកជន ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា វិស័យវិនិយោគឯកជន តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញ និងលើកទឹកចិត្តចំពោះវិនិយោគិននោះ ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន ៨កន្លែង និងរោងចក្រសហគ្រាស គ្រឹះស្ថានឯកជន ១៩០កន្លែង បានបង្កើតការងារជូនពលរដ្ឋ បានប្រមាណជាង ៧ម៉ឺននាក់ ដែលបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុករបស់ពលរដ្ឋផងដែរ។

ពិធីផ្សព្វផ្សាយនេះ មានការចូលរួមពីលោក មុត ចិន្តា នាយកវិទ្យាស្ថាន និងលោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំលោក លោកស្រីតំណាងរោងចក្រ សហគ្រាស និងក្រុមហ៊ុនជាច្រើនរូបផងដែរ។

លោក រស់ ផារិទ្ធ បានបន្តទៀតថា ក្នុងនាមអភិបាលខេត្ត និងក្នុងនាមលោកផ្ទាល់សូមថ្លែងអំណរគុណដល់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី Roadshow Employer TVET-Advocacy ដែលជាការផ្សព្វផ្សាយបង្កើនកិច្ចសហការរបស់និយោជក និងវិស័យឯកជន ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីយល់បានសារសំខាន់ នៃប្រពន្ធ័អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដំណើរការទូទៅ និងអត្ថប្រយោជន៍របស់មជ្ឈមណ្ឌលវាយតំលៃសមត្ថភាព និងកម្មវិធីចុះកម្មសិក្សារបស់សិក្ខាកាម សិស្ស និស្សិត និងការបញ្ជូនគ្រូបច្ចេកទេសនៅក្នុងឧស្សាហកម្ម។

លោកបានបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជាចម្បងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះវិស័យនេះមានភារកិច្ចសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់របស់ប្រជាពលរដ្ឋតាមរយៈការការពារពលកម្ម និងវិជ្ជាជីវៈ ដើម្បីបង្កើនធនធានមនុស្ស ក្នុងគោលបំណងលើកកម្ពស់ស្តង់ដារ ការរស់នៅតាមរយះការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

លោក រស់ ផារិទ្ធ បានវាយតម្លៃថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រូវរ៉ាប់រងការងារធំៗ ក្នុងដំណាក់កាល នៃការវិវន្តន៍វិស័យវិទ្យា ក៏ដូចជាបដិវត្តឧស្សាហកម្មជំនាន់ទី៤(IR4.0) ដើម្បីលើកកម្ពស់គុណភាណពបណ្តុះបណ្តាល ផលិតភាពការងាររបស់កម្មករ និយោជិតនៅក្នុងតំបន់ជាពិសេសក្នុងខេត្តស្វាយរៀង របស់យើងត្រូវបានបណ្តាក់ទុន វិនិយោគធំៗ កំពុងតែបង្កើននូវរោងចក្រ សហគ្រាសច្រើន ដែលអាចមានលទ្ធភាពទទួលកម្មករឲ្យបំរើការងារ ប៉ុន្តែអ្វីដែលសំខាន់គឺប្រជាពលរដ្ឋភាគច្រើនពុំមានជំនាញ ខ្វះបំនិនជីវិតដើម្បីឈោងចាប់យកការងារធ្វើនៅតាមទីផ្សារការងារ បញ្ហាទាំងអស់នេះ មានការពាក់ពន្ធ័ដោយផ្ទាល់ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគេទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់។

លោកក៏បានសំណូមពរដល់លោក លោកស្រី ដែលបានចូលរួមនៅថ្ងៃនេះសូមចូលរួមសហការជាមួយវិទ្យាស្ថានក្នុងកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សាដើម្បីឲ្យស្របតាមស្ថានភាពទីផ្សារ ការងារបច្ចុប្បន្ននិងចូលរួមសហការ ក្នុងការផ្តល់ទីកន្លែងសម្រាប់ឲ្យសិក្ខាកាមសិស្ស និស្សិតក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលសិក្ខាកាមសិស្ស និស្សិតឲ្យចូលបម្រើការងារនៅបញ្ចប់ការសិក្សា។

បើតាមលោក មុត ចិន្តា នាយកវិទ្យាស្ថាន បានបញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានដំឡើងកម្រិតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ដោយអនុក្រឹត្យលេខ១១៩អនក្រ ប្រក របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានមុខវិជ្ជាជាច្រើនសម្រាប់សិស្ស និស្សិតរៀនជាជំនាញផងដែរ៕