(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ម៉ក់ ស៉ីថា អមដំណើរដោយសហការី នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នះ បាននាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួនបួន គឺវត្តឥន្ទសាល (វត្តក្បាលកោះ) វត្តសំរិទ្ធិជ័យ (វត្តកោះតូច) វត្តសំរិទ្ធិជោគ (វត្តព្រះអង្គខ្មៅ) និងវត្តឥន្ទកោសី (វត្តកោះជ្រូក) ដែលជាកន្លែងប្រារព្វពិធី ស្ថិតក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជាបឋម លោកបានសង្ខេបជូនពុទ្ធបរិស័ទ ពីប្រវត្តិបុណ្យចូលព្រះវស្សាថា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ក្នុងរយៈពេល ០៣ខែ ក្នុងរដូវភ្លៀងធ្លាក់ ហើយបុណ្យនេះចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានសំណេះសំណាលជាមួយចៅអធិការវត្ត ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយបានសួរនាំពីការងារបង្កបង្កើនផល បញ្ហាជីវភាពប្រចាំថ្ងៃ បញ្ហាសុខភាព ការ សិក្សាររៀនសូត្ររបស់បុត្រធីតា ក្រោមដំបូល សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន បានល្អប្រសើរ។ ក្រៅពីនេះ លោកក៏បានជម្រាបជូនផងដែរ ពីការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយផ្តោតជាសំខាន់ពីការរីកចម្រើន លើវិស័យកសិកម្ម សេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលជាចលករជួយទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក វេង សាខុន ថ្លែងថា សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ហេតុដូច្នេះ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋ មេត្តាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិ ឲ្យបានគង់វង្សតរៀងទៅ។

ក្នុងនាមឲ្យថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទ និងក្នុងនាមខ្លួនលោកផ្ទាល់ លោករដ្ឋមន្ត្រីបានសម្តែងអំណរគុណ ជូនចំពោះសប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ និងជាពិសេសសមាជិកក្រុមការងារ ចុះជួយឃុំកោះសំរោងទាំងអស់ ដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួន ចាប់មគ្គផល ផលានិសង្ឃធ្វើបុណ្យទាន តាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនារបស់ខ្មែរ។

លោកបានបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជូនពរសម្តេចទាំងបី ឲ្យមានសុខភាពល្អបរិបូរណ៌ កំលាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាព សុខសន្តិភាព ស្ថិរភាព សេចក្តីសុខចម្រើន និងការអភិវឌ្ឍ៕