(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យ លោក វ៉ូ ង៉ុកលី អគ្គកុងស៊ុល វៀតណាមប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងគោរពជូនពរ ក្នុងឱកាសលោកត្រូវបានតែងតាំងជាអភិបាលខេត្តថ្មី។

នៅក្នុងកិច្ចជំនួបនេះ ក៏មានគោលបំណងរឹតចំណងទំនាក់ទំនងល្អ ដែលមានស្រាប់រវាងស្ថានអគ្គកុងស៊ុលរៀតណាម ជាមួយរដ្ឋបាលខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា លោក វ៉ូ ង៉ុកលី អគ្គកុងស៊ុល វៀតណាមប្រចាំខេត្តព្រះសីហនុ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលស្គាល់រូបលោកជា អគ្គកុងស៊ុល វៀតណាមប្រចាំខេត្តព្រះសីហនុ ជំនួសលោក ង្វៀន ថេគឿ ដែលបានបញ្ចប់អាណត្តិ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ៕