(ភ្នំពេញ)៖ ទម្ងន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកើនឡើងចំនួន ៣គីឡូបន្ថែមទៀត បន្ទាប់ឈឺស្មា ហើយត្រូវផ្អាកហាត់ប្រាណរយៈពេល ៥ថ្ងៃមកនេះ។ នេះបើតាមការបញ្ជាក់របស់សម្តេច នៅលើ Facebook នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «តើទៅណាទៀតខ្ញុំ? ពេលមុនបន្ទាប់ពីធ្វើការរួចហើយ មានកម្មវិធីហាត់ប្រាណ តាមរបៀបជាច្រើនដូចជារត់លើម៉ាសុីនជិះកង់ ដើរតាមធម្មជាតិលើស១មុឺនជំហាន។ ថ្ងៃសៅរ៍-អាទិត្យ មានកម្មវិធីវាយកូនគោលគួរឱ្យសប្បាយខ្លាំងណាស់»

សម្តេចបានបន្តទៀតថា៖ «ពេលនេះអ្វីៗ ត្រូវបញ្ចប់មួយរយៈតាមបញ្ជាររបស់គ្រូពេទ្យ។ គិតរៀនច្រៀង ដែលពេទ្យមិនហាម តែសំឡេងយើងមិនពិរោះ សល់ម្យ៉ាងគត់គឺថតរូបបង្ហោះ Facebook។ រឿងគួរឱ្យព្រួយគឺដូចចាស់ៗនិយាយថា (ឈឺជើងធាត់ឈឺមាត់ស្គម) ពិតមែនតែខ្ញុំឈឺស្មាតែក៏ដូចឈឺជើងដែរ៥ថ្ងៃឡើង ៣គីឡូដូចនេះ ការខិតខំហាត់ប្រាណ២ឆ្នាំ កន្លងមក ដើម្បីបន្ថយទម្ងន់ពិតជាឥតប្រយោជន៏និងត្រូវត្រៀម បន្ធូរចង្កេះខោហើយខ្ញុំ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានសុំលុបចោលរាល់ជំនួបទាំងឡាយ ដោយសារតែសម្តេចត្រូវអញ្ជើញទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅសិង្ហបុរីនោះសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន បានវិលមកភាពប្រក្រតីវិញផងដែរ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមគ្រូពេទ្យសិង្ហបុរី ហាមហាត់ប្រាណមួយរយៈ ដើម្បីកុំឱ្យបញ្ហាគ្រេចស្មានេះកើតមានជាថ្មីម្តងទៀត៕