(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កាកបាទក្រហម និងក្រុមយុវជនកាយរឹទ្ធកម្ពុជា និងប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ បើកយុទ្ធនាការរួមគ្នាបំបាត់ជម្រក និងប្រភពមូសខ្លា ដើមី្បការពារជម្ងឺគ្រុឈាម ដែលបានធ្វើនៅសាលាបឋមសិក្សាមុខនាគ សង្កាត់គោកចក ខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត ប៊ូ សារិន ប្រធានកម្មវិធីជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល ២៦សប្តាហ៍ ឆ្នាំ២០១៩នេះ មានអ្នកស្លាប់ ១១នាក់ ដោយសារគ្រុនឈាមនៅខេត្តសៀមរាប។ លោកក៏បានបង្ហាញអំពីសភាពការណ៍ នៃអ្នកជម្ងឺគ្រុនឈាម ដែលបានចូលមកសម្រាក នៅតាមមន្ទីរពេទ្យទាំងអស់ នៅខេត្តសៀមរាប ចាប់ពីសប្តាហ៍ទី១ ដល់សប្តាហ៍ទី២៦ ឆ្នាំ២០១៩ មានអ្នកជម្ងឺចូលមកសម្រាកព្យាបាលចំនួនសរុបទាំងអស់ ១១,២២៣នាក់ ស្លាប់ ១១នាក់ អត្រាស្លាប់ស្មើ០.០៩% ជាប្រជាពលរដ្ឋមកពីខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ឧត្តមមានជ័យ កំពង់ចាម និងខេត្តមួយចំនួនទៀត។ ក្នុងនោះមានអ្នកជម្ងឺដែលជាប្រជាពលរដ្ឋក្នុងខេត្តសៀមរាប្រមាណ ៤,៤២៨នាក់ ស្លាប់ ៤នាក់ អត្រាស្លាប់ស្មើនឹង០.០៩%។

លោកវេជ្ជបណ្ឌិត ប៊ូ សារិន បានបញ្ជាក់ថា ដោយសារជម្ងឺគ្រុនឈាមបានកើនឡើងរហូតនៅឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាល បានតាមដានសភាពការណ៍ជម្ងឺគ្រុនឈាម តាមរយៈអាជ្ញាធរមូលដ្ឋាន និងបានចុះអង្កេត អេពីដេមីសាស្ត្រ-បាណកសាស្ត្រ របស់មូសខ្លាដែលវាពងដាក់ ពាងទឹក អាងទឹក និងការវិវដ្តរបស់វា និងបានពន្យល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យពួកគាត់លាងសំអាតពាងទឹក អាងទឹក លុបបំបាត់ និងបំផ្លាញចោលសំបកកំប៉ុង សំបកកង់ឡានចាស់ៗ ដែលមានទឹកដក់ឲ្យបានជាប្រចាំ និងដាក់ថ្នាំអាបេតក្នុងអាងទឹក ពាងទឹក ជាដើមផង ដើម្បីបំបាត់ជម្រកមូស ជាពិសេសមូសខ្លាញីដែលជាប្រភពចម្លងជម្ងឺគ្រុនឈាម ។

លោកស្រី ទាង អេង ទៀសីហា បានសម្តែងក្តីសោកស្តាយបំផុត ចំពោះលោកឪពុកអ្នកម្តាយដែលបានបាត់បង់កូនជាទីស្រឡាញ់ ដោយសារជម្ងឺគ្រុនឈាម និងបានថ្លែងរំលែកការលំបាកចំពោះអ្នករងនូវជម្ងឺនេះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទាំងអស់ផងដែរ។ ជម្ងឺគ្រុនឈាម គឺជាបញ្ហាប្រឈមយ៉ាងស្រួចស្រាល់ និងជាក្តីកង្វល់របស់អាណាព្យាបាល ក៏ដូចជាអាជ្ញាធរ មន្ទីរស្ថាប័ន កាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលយើងផងដែរ ។

លោកស្រី បានបន្តទៀតថា ដើម្បីការពារ និងបញ្ចៀសបានពីបញ្ហាឈឺ និងស្លាប់ដោយសារជម្ងឺគ្រុនឈាមនេះ សូមបងប្អូនពុកម៉ែ និងប្រជាពលរដ្ឋទាំងអស់ សំខាន់យុវវ័យគ្រប់រូប និងសិស្សានុសិស្ស ត្រូវរួមគ្នាបំបាត់ជម្រកមូស ដោយការធ្វើអនាម័យបរិស្ថានជុំវិញលំនៅដ្ឋាន សាលារៀន សំអាតអនាម័យផ្ទាល់ខ្លួនឲ្យបានជាប្រចាំ សម្រាន្តតែក្នុងមុងសុវត្ថិភាព (មុងជ្រលុកថ្នាំ) និងត្រូវប្រយ័ត្នចំពោះកុមារតូចៗ កុំឲ្យគាត់ងូតទឹកលេង និងដើរលេងក្បែរគុម្ពោតព្រៃផ្តេសផ្តាសជាដើម និងប្រយ័ត្នពេលពួកគាត់គេង នៅពេលថ្ងៃត្រូវដាក់មុងឲ្យគាត់ និងត្រូវប្រុងប្រយ័ត្នចំពោះការពិសារ និងបរិភោគចំណីអាហារ ដើម្បីចៀសវាងពីជម្ងឺរាករួស ចុកឆ្អល់ផ្សេងៗ មកយាយីដល់សុខភាពយើង។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយពីការលុបបំបាត់ជម្រកមូសខ្លា ការពារគ្រុនឈាមនេះ ធ្វើឡើងដោយយោង តាមការណែនាំរបស់កាកបាទក្រហមកម្ពុជា និង បានឆ្លងការពិភាក្សាក្រុមការងារ រួមជាមួយមន្ទីរ ស្ថាប័នអង្គភាព អាជ្ញាធរ មូលដ្ឋានផងដែរ។ ផ្អែកតារបាយការណ៍របស់កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានឱ្យដឹងថា សកម្មភាពនេះបានធ្វើ៥លើកមកហើយ នៅស្រុកអង្គរជុំវ៉ារិន្ទ អង្គរធំ និងក្រុងសៀមរាប ជាលទ្ធផលអនុវត្តបាន៩៣ភូមិ ដាក់អាបេតបាន១៩,៨៤៤ពាងទឹក នៃខ្នងផ្ទះចំនួន១៣,៣៣៨ខ្នងផងដែរ៕