(ភ្នំពេញ)៖ លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិលកំពតកែប បានឲ្យដឹងថា នៅឆ្នាំ២០១៩នេះ កម្ពុជាត្រូវការនាំយកអំបិលប្រមាណ៥ម៉ឺនតោន មកផ្គត់ផ្គង់លើទីផ្សារ ខណៈបច្ចុប្បន្ននេះ អំបិលក្នុងស្ដុកត្រៀមផ្គត់ផ្គង់មានត្រឹម៣ម៉ឺនតោនប៉ុណ្ណោះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លោក ប៊ុន បារាំង បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជានឹងខ្វះខាតអំបិលផ្គត់ផ្គង់ប្រមាណ៥ម៉ឺនតោន ព្រោះបច្ចុប្បន្នអំបិលផលិតបានត្រឹម៣ម៉ឺនតោនប៉ុណ្ណោះ ដែល៣ម៉ឺនតោននេះមិនអាចផ្គត់ផ្គង់លើទីផ្សារបានឡើយ។ ប៉ុន្ដែ៥ម៉ឺនតោននេះមិនប្រាកដថា នាំចូលទាំងអស់នោះទេ អាស្រ័យលើស្ថានភាពជាក់ស្ដែង គ្រាន់តែថាអំបិលខ្វះ៥ម៉ឺនតោនក្នុងការផ្គត់ផ្គង់»

លោកបន្ដថា សហគមន៍មិនទាន់ដឹងច្បាស់ពីការនាំចូលនោះឡើយ ទាល់តែមានការសម្រេចពីក្រុមប្រឹក្សាភិបាលសម្រេចសិន ទើបអាចធ្វើការនាំចូលបាន បើមិនទាន់សម្រេចខាងសហគមន៍ មិនអាចនាំចូលបានឡើយ។

លោកបញ្ជាក់ថា «បញ្ហាដែលធ្វើឲ្យអំបិលនៅតែមិនអាចផលិត បានដោយសារតែអាកាសធាត នៅក្នុងខេត្តកំពត មានភ្លៀងធ្លាក់ច្រើន បើគិតទៅ៣ឆ្នាំមកនេះ អាកាសធាតុមិនអំណោយផល ពោលគឺភ្លៀងឥតឈប់ ទើបធ្វើឲ្យការផលិតអំបិលមិនបាន និងតម្រូវឲ្យមានការនាំចូល ដើម្បីផ្គត់ផ្គង់លើទីផ្សារ»

លោកបញ្ជាក់បន្ថែមថា ការនាំចូលអំបិលពីប្រទេសចិននេះមិនជះឥទ្ធិពល ដល់ការផលិតអំបិល ក្នុងស្រុកនោះឡើយ ដោយសារតែការនាំចូលនេះ យើងធ្វើការប្រៀបធៀបគ្នា ដោយបានគិតជាមុនថា ខ្វះអំបិលប៉ុណ្ណានាំចូលប៉ុណ្ណឹងមិនបានកំណត់ថា ត្រូវនាំមកទាំង៥ម៉ឺនតោននោះឡើយ ពេលណាអំបិលកម្ពុជាផលិតបានយើងនឹងផ្អាកក្នុងការនាំចូល គ្រាន់តែចង់បញ្ជាក់ថា អំបិលដែលខ្វះ គឺខ្វះ៥ម៉ឺនតោន ដោយអំបិលត្រូវការ១០ម៉ឺនតោន ក្នុង១ឆ្នាំសម្រាប់ផ្គត់ផ្គង់លើទីផ្សារ។

លោកឲ្យដឹងថា សហគមន៍មិនធ្វើឲ្យប៉ះពាល់ ដល់ការផលិតអំបិលរបស់ប្រជាកសិករឡើយ ដោយការនាំចូលអំបិលនេះ គ្រាន់តែជាការបំពេញបន្ថែម។

លោក ឡាំង គឹមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច-មធ្យម និងសិប្បកម្ម បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រសួងមិនទាន់បានទទួលដំណឹងពី បំណងនៃការនាំចូលអំបិលប្រមាណ៥ម៉ឺនតោននេះទេ។

លោកធ្លាប់បានបញ្ជាក់ថា ការនាំចូលអំបិលពីបរទេសមិនមែនជាជម្រើសល្អ សម្រាប់កម្ពុជាឡើយ ដោយក្រសួងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ លើការកាត់បន្ថយការពឹងផ្អែកលើអាកាសធាតុ ចំពោះការផលិតអំបិល។

សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលកម្ពុជាប្រឈមនឹង ការខ្វះខាតអំបិលពោលកាលពីឆ្នាំ២០០៨ កម្ពុជាធ្លាប់ជួបបញ្ហានេះម្ដងដែរ។ ដោយឡែក ក្នុងឆ្នាំ ២០១៦ កម្ពុជាផលិតអំបិលបាន១៤ម៉ឺនតោន ដែលបរិមាណនេះ លើសតម្រូវការប្រើប្រាស់។

ជាទូទៅបរិមាណដែលផ្គត់ផ្គង់គ្រប់គ្រាន់តែ១០ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ឆ្នាំ២០១៧-២០១៨វិញ ទិន្នផលអំបិលធ្លាក់ចុះ ដោយសារតែកត្តាអាកាសធាតុហើយឆ្នាំ២០១៩នេះ កម្ពុជានៅតែបន្ដខ្វះខាតអំបិល និងត្រូវតែនាំចូលអំបិលពីប្រទេសផ្សេង៕