(កំពង់ធំ)៖ លោក ជីវ កេង អនុប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា និងសហការីនៅរសៀលថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៩នេះ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន ១០វត្ត ក្នុងខេត្តកំពង់ធំ ក្នុងនោះ ស្រុកប្រាសាទសំបូរចំនួន៩ វត្តនិងក្រុងស្ទឹងសែន ចំនួន១ វត្ត គឺវត្តឥន្ត្រីយ៍សំវរៈ ហៅវត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក ជីវ កេង និងលោកស្រី ឆាយ ស៊ីណា រួមទាំងសហការីក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន សាច់សារលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខផងដែរ។

ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ ខ្មែរតាំងពីយូរណាស់មកហើយ នៅពេលខាងមុខនេះព្រះសង្ឃ នៅគ្រប់ទីវត្តអារាមទូទាំង ប្រទេសគោរពប្រពៃណីសាសនា ព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ទើបថ្ងៃនេះត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ន មន្ត្រីបាននាំយកមកវេរប្រគេន ដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុត បំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះក្នុងមួយវត្តទទួលបាន គ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យមួយលានពីរសែនរៀល សម្រាប់វត្តក្នុងស្រុកប្រាសាទសំបូរ ដោយឡែកសម្រាប់វត្តឥន្ត្រីយ៍សំវរៈ ហៅវត្តកំពង់ធំទទួលបានគ្រឿងឧបភោគបរិភោគ និងបច្ច័យ៦ពាន់ដុល្លារ និង១លានរៀល សម្រាប់ការកសាងព្រះវិហារ៕