(ភ្នំពេញ)៖ ជំងឺមហារីកឈាមកុមារនៅកម្ពុជា មានប្រមាណ ៧៥០ករណីថ្មី ក្នុងមួយឆ្នាំដែលភាគច្រើនជាជំងឺមហារីកឈាម និងមហារីកខួរក្បាល។ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីអំពី «ការថែទាំកុមារកើតជង្ងឺមហារីក» នាព្រឹកថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៩នេះ ដោយបានសហការជាមួយប្រតិភូជាតិ និងអន្តរជាតិ មកពីសហរដ្ឋអាមេរិក ប្រទេសជប៉ុន ហ្វីលីពីន និងវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងការខិតខំប្រឹងប្រែងដើម្បីជួយគាំទ្រ និងបង្ហាត់បង្ហាញអំពី «ការថែទាំកុមារកើតជង្ងឺមហារីក»។

លោកសាស្រ្តាចារ្យអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងទៀតថា ជំងឺមហារីកកុមារមានច្រើនប្រភេទ ហើយភាគច្រើន ជាជំងឺមហារីកឈាម និងបន្ទាប់មកគឺ ជំងឺមហារីកខួរក្បាល ដោយក្នុងមួយឆ្នាំៗ នៅកម្ពុជាមានប្រមាណ ៧៥០ករណីថ្មី។

លោកបានថ្លែងថាទៀតថា មនី្ទរពេទ្យកាល់ម៉ែត បានបើកសម្ពោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលជាតិជំងឺមហារីកជាមួយផ្នែកជំងឺមហារីកកុមារ នៅក្នុងប្រទេសកម្ពុជា នៅដើមឆ្នាំ២០១៨ គឺជាការរីកចម្រើនមួយផ្នែកទៀត លើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់នូវការថែទាំព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺ ដែលនាំឱ្យមានភាពប្រសើរជាងមុននូវគុណភាពជីវិត ហើយស្របពេលជាមួយគ្នានេះដែរ កាត់បន្ថយការចំណាយរបស់អ្នកជំងឺ។

លោកសាស្ត្រាចារ្យ គង់ សន្យា ថ្លែងបន្តថា ដោយសារមូលហេតុទាំងនេះ បានជំរុញឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីគាំទ្រការអភិវឌ្ឍកម្មវិធីនេះ ក៏ដូចជាសិក្ខាសាលានៅថ្ងៃនេះ។
ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកសូមគាំទ្រយ៉ាងពេញទំហឹង ដល់វគ្គបណ្តុះបណ្តាលការនេះ នឹងបន្តធ្វើការ និងសហការគ្នាយ៉ាងជិតស្និទ្ធ លើកិច្ចការដ៏សំខាន់នេះសម្រាប់ប្រទេស។

ជាមួយគ្នានោះដែរ កញ្ញា Julie Ritter អ្នកចាត់ការទូទៅផ្នែកប្រព័ន្ធសុខាភិបាល និងកម្មវិធីក្នុងតំបន់ប៉ាស៊ីហ្វិកនៃមន្ទីរពេទ្យ St. Jude Children’s Hospital សហរដ្ឋអាមេរិក បានលើកឡើងថា ក្នុងស្មារតីនៃកិច្ចសហការនេះ កញ្ញាមានសេចក្តីរីករាយ ដែលមានវត្តមាននៅថ្ងៃនេះ ជាមួយមន្ទីរពេទ្យកាល់ម៉ែត មជ្ឈមណ្ឌលមហារីក មជ្ឈមណ្ឌលជំងឺមហារីកកុមារ រួមជាមួយគិលានុបដ្ឋាយិកាមកពីប្រទេសវៀតណាម គ្រូពេទ្យ និងគិលានុបដ្ឋាយិកា ពីហ្វីលីពីន និងជាស្ថាបនិកនៃសម្ព័ន្ធថែទាំកុមារអាស៊ី សម្រាប់ការឈានដល់ចំណុចខ្ពស់បំផុត។ គិលានុបដ្ឋាយិកា មានតួនាទីសំខាន់ ក្នុងការថែទាំសុខភាព និងជាសមាជិកសំខាន់ នៃក្រុមពហុវិន័យ ដែលត្រូវការសម្រាប់ការថែទាំល្អបំផុត និងការព្យាបាលកុមារ និងមនុស្សពេញវ័យដែលមានជំងឺមហារីក។

កញ្ញា Julie Ritter បានបន្តថា កញ្ញាសរសើរមន្ទីរពេទ្យកាល់ម៉ែត និងមជ្ឈមណ្ឌលមហារីកជាតិ សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការកសាងសមត្ថភាព និងការអប់រំគិលានុបដ្ឋាយិការបស់ពួកគេ។ កញ្ញាថ្លែងថា កញ្ញាមានអំណរគុណចំពោះការសហការជាប្រចាំ ជាមួយមន្ទីរពេទ្យកាល់ម៉ែត ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៨ ក៏ដូចជាទំនាក់ទំនងសហការជិតស្និទ្ធ ជាមួយមន្ទីរពេទ្យកុមារជាតិ និងថ្នាក់ដឹកនាំ និងស្ថាប័នដទៃទៀត នៅក្នុងរាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីរួមគ្នាសម្រេចបាននូវអនាគត ដែលគ្មានកូនក្មេងនឹងស្លាប់៕