(ភ្នំពេញ)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បច្ចុប្បន្ននេះ មានកុមារ១០ភាគរយផងដែរ

ការអះអាងនេះ បានធ្វើឡើង ក្នុងពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាច្រាំងចំរេះ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកស្រីបានថ្លែងថា គម្រោង «បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ» ពិតជានឹងអាចជួយឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុង តែខិតខំយ៉ាងសស្រាក់សស្រាំដើម្បីទប់ស្កាត់ កាត់បន្ថយឱ្យនៅកម្រិតទាបបំផុត។

លោកស្រីបានគូសបញ្ជាក់ថា តាមរយ:ការវាយតម្លៃបញ្ចប់គម្រោង និងការសង្កេតជាក់ស្តែង ឃើញថាគម្រោងនេះ ពិតជាមានភាពស័ក្តិសិទ្ធិបំផុត ព្រោះយើងបានអប់រំបណ្តុះបណ្តាលពីឬសគល់ នៃអ្នកប្រើប្រាស់ផ្លូវ គឺសិស្សសាលាបឋមសិក្សា ដើម្បីឱ្យយល់ដឹងហើយឈាន ទៅគោរពឱ្យបានម៉ត់ចត់ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធាននានា សំដៅបញ្ចៀសឱ្យបាន នូវគ្រោះថ្នាក់ចរាចរណ៍ដែលជាគ្រោះភ័យមួ យនៅក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្រីក៏បានអះអាងថា ផ្អែកលើហេតុផលនេះ ទើបរាជរដ្ឋាភិបាលតាម រយ:ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សំណើសុំគម្រោងនេះ ពីមូលនិធីសមាហរណកម្មជប៉ុន-អាស៊ាន ដើម្បីអប់រំកុមារ នៃថ្នាក់បឋមសិក្សា ដើម្បីឱ្យក្មួយៗមានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ តាំងពីកុមារភាពបានជាមូលដ្ឋានរឹងមាំសម្រាប់ធានាសុវត្ថិភាព របស់កុមារបច្ចុប្បន្នផង និងកាន់តែច្បាស់លាស់បន្ថែម នៅពេលដែល កុមារក្លាយជាយុវជន និងក្លាយជាប្រជាពលរដ្ឋពេញលេញនៅថ្ងៃអនាគតអាច រួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាបបំផុត ឬលុបបំបាត់ តែម្តងតាមដែលអាចធ្វើបាន។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក «បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារៗ ដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា នៅតាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ ទាំង៥៨សាលារៀននេះ មានការសហការរវាងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងសាធារណការ និងដឹកជញ្ជូន និងទទួលបានការគាំទ្រដោយអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន ហៅកាត់ថា «JAIF» ដោយមានគោលបំណងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសជនដែលងាយរងគ្រោះថ្នាក់ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ជាពិសេសកុមារឱ្យមានការយល់ដឹងអំពីភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ក្បួនសុវត្ថិភាពចរាចរណ៍ សម្រាប់ថ្មើរជើង ប្រការត្រូវចៀសវាងនៅពេលឆ្លងផ្លូវរួមទាំងរបៀ បក្នុងការឆ្លងផ្លូវដោយប្រើប្រា ស់រនាំងសុវត្ថិភាព និងបានផ្តល់ដល់សិស្សានុសិស្សនូវសម្ភារសិក្សាមួយចំនួនផងដែរ។

លោកបានបន្ដថា យុទ្ធនាការនេះ បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនចាប់តាំងពី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ មកម៉្លេះ ដោយក្នុងនោះ បានផ្ដោតទៅលើសាលាបឋមសិក្សានៅតាម ផ្លូវជាតិលេខ១ (ពីភ្នំពេញដល់ស្ពានអ្នកលឿង) មានចំនួន១៨សាលា (បានបណ្តុះបណ្តាលចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩) និងនៅតាមផ្លូវជាតិលេខ៥ (ពីភ្នំពេញ ដល់ ខេត្តពោធិ៍សាត់) មានចំនួន ៤០សាលា (បានបណ្តុះបណ្តាលចាប់ពីថ្ងៃទី០៣ ខែមិថុនាដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩)។

លោកបានឱ្យដឹងទៀតថា ជាលទ្ធផលសរុបទាំង៥៨សាលាក្រុមការងារបានបណ្តុះបណ្តាលសិស្សានុសិស្សថ្នាក់បឋមសិក្សា (ដោយជ្រើសរើសយកសិស្សានុ សិស្សចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី៦) បានចំនួន ៦.១១០នាក់ និងបានផ្តល់រនាំងសុវត្ថិភាព ២៣២រនាំង អាវចំណាំង ៥៨០អាវ កញ្ចែ ១១៦គ្រាប់ ផ្លាកឈប់ ១១៦ផ្លាក បដាដែលមាន សារសុវតិ្ថភាព១១៦ផ្ទាំង ស្ទិកឃ័រចំណាំងផ្លាត ១១.៦០០សន្លឹក និងមួកសុវត្ថិភាពចំនួន ១.១៦០មួក៕