(ស្វាយរៀង)៖ ផ្ទះឈើប្រក់ក្បឿង១ខ្នង នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានអគ្គិភ័យឆេះគ្មានសល់ ដោយសារតែយុវជនជាកូនក្នុងគ្រួសារលួចដុតកម្ទេចអស់ ព្រោះតែខឹងនឹងឪពុកខ្លួន មិនព្រមដណ្តឹងប្រពន្ធឱ្យ តាមការទាមទាររបស់គេ។ ករណីនេះបានកើតឡើង វេលាម៉ោង១១៖៥០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

សមត្ថកិច្ចនគរបាលស្រុករំដួល ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា កូនចិត្តខ្លាំងដុតផ្ទះរបស់ខ្លួនឆេះម៉ត់មានឈ្មោះ ពិន ពិទូ អាយុ២៨ឆ្នាំ ចំណែកឪពុកឈ្មោះ ពិន បូរិន អាយុ៥៩ឆ្នាំ មុខរបរកសិកររស់នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ ផ្ទះឆេះម៉ត់នោះមានទំហំ៨ម៉ែត្រ គុណ៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ខណៈទ្រព្យសម្បត្តិបាត់បង់នៅមិនទាន់សរុបនៅឡើយទេ។

បើតាមឪពុករបស់ជនបង្ក បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ករណីដុតផ្ទះនេះ កើតឡើងដោយសារតែកូនប្រុសខឹងនឹងខ្លួន មិនដណ្តឹងប្រពន្ធឱ្យ។ លោកបញ្ជាក់ថា «មិនគួរណាកូនប្រុសធ្វើបែបនេះសោះគ្រាន់តែគាត់ប្រកែកថា កុំអាលគិតគូររឿង និងខិតខំរកស៊ីមានប្រាក់កាសសិនចាំទៅដណ្ដឹងប្រពន្ធប្រមាណជាកន្លះម៉ោងក្រោយមក ក៏មានរឿងនេះកើតឡើងតែម្ដង»

ក្រោយពីធ្វើសកម្មភាពរួចបុរសចិត្តខ្លាំងក៏បានរត់គេចខ្លួនភ្លាមៗ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកសួនាំ ចំណែកផ្ទះបន្សល់ទុកតែគ្រោងឆ្អឹង និងបាត់បង់ទ្រព្យសម្បត្តិដែលខំសន្សំជាយូរឆ្នាំ ឱ្យឪពុកឈរសម្រក់ទឹកភ្នែកបែបនេះសោះ៕