(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ សង្កាត់-ភូមិជួយផ្សព្វផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ឲ្យបានទូលំទូលាយបំផុត ទៅដល់ប្រជាពលរដ្ឋបានមកពិនិត្យ ធ្វើការផ្ទៀងផ្ទាត់គ្រប់ៗគ្នានូវឈ្មោះ និងប្រភេទទ្រព្យ។

លោកបញ្ជាក់ថា បន្ទាប់ពីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិឆ្ឆ័យមានលក្ខណៈជាប្រព័ន្ធ កុំឲ្យហួសរយៈពេល១៥ថ្ងៃក្រោយ ដែលមិនអាចធ្វើការកែតម្រូវបានឡើយ ក្នុងទិសដៅដីធ្លីមានកម្មសិទ្ធទូទាំងប្រទេស នៅឆ្នាំ២០២១ ដែលជាកម្មវិធីដាក់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំយកចិត្តទុកដាក់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការអំពាវនាវរបស់លោក ជា ពិសី ក្នុងឱកាសអញ្ជើញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិឆ្ឆ័យមានលក្ខណៈជាប្រព័ន្ធ ដែលមានការចូលរួមពីលោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី រាជធានីភ្នំពេញ លោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខណ្ឌ និងលោក-លោកស្រីជាមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋរាប់រយនាក់ ស្ថិតនៅក្នុងបរិវេណវត្តទួលសង្កែ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខណ្ឌ លើកឡើងថា លទ្ធផលនៃការវិនិច្ឆ័យក្នុងតំបន់ វិនិច្ឆ័យក្បាលដី ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នាពេលនេះ ក្រោយពីក្រុមការងារវាលបានចុះស្រង់ទិន្នន័យម្ចាស់អចលនវត្ថុ ប្រភេទទ្រព្យ ទីតាំងអចលនវត្ថុ ចុះវាស់វែងកំណត់ព្រំដី និងកសាងប្លង់សុរិយោដី ជាលទ្ធផលបឋមសម្រេចបិទផ្សាយនូវប្លង់បាន ចំនួន៦១០ក្បាលដី។

លោក ប៊ុន ឡុង លើកឡើងទៀតថា ដោយអនុលោមតាមខ្លឹមសារនៃ អនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ និងសារាចរណែនាំលេខ ០០១ ដនស /ដសចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០២ និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីការកែសម្រួលមាត្រា៦ មាត្រា៧ និងមាត្រា១១ នៃអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី មន្ត្រីជំនាញបានអនុវត្តការងារចុះបញ្ជីដីធ្លី សម្រេចវិនិច្ឆ័យបាន៤៦៣ក្បាលដី មិនទាន់វិនិច្ឆ័យ១៤៧ក្បាលដី ដែលគូរប្លង់សរុបបឋមមាន ចំនួន៦១០ក្បាលដី ដែលនឹងត្រូវបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិឆ្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធរយៈពេល១៥ថ្ងៃ ដោយគិតទាំងថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យផងដែរ។

បន្ថែមពីនេះ លោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី រាជធានីភ្នំពេញ បានលើកឡើងផងដែរថា បើទោះបីក្រុមការងារវាស់ចុះបញ្ជី សម្រង់ទិន្នន័យយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅតែមានចន្លោះប្រហោង ត្រង់ថាពេល វាយបញ្ចូលទិន្នន័យលេខក្បាលដី ឬឈ្មោះ ចូលក្នុងកុំព្យូទ័រ ក៏នៅតែមានកំហុសឆ្គងមួយ ឬពីរដែរ ទើបតម្រូវឲ្យគណៈកម្មាធិការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ នៃកម្មវិធីអនុវស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ ក៏ដូចជាគណៈកម្មាធិការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ នៃកម្មវិធីអនុវស័យរដ្ឋបាលដីធ្លីខណ្ឌ មានការបិទផ្សាយទិនិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិឆ្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីប្រជាពលរដ្ឋមកត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ឲ្យត្រូវអត្តសញ្ញាណប័ណ្ណ រយៈពេល១៥ថ្ងៃ ក្នុងករណីឃើញថា ត្រឹមត្រូវហើយសាម៉ីខ្លួនត្រូវផ្ដិតមេដៃទទួលស្គាល់ តែបើឃើញមិនត្រឹមត្រូវ សាម៉ីខ្លួនអាចដាក់ពាក្យជាមួយមន្ត្រីជំនាញ ដើម្បីស្នើសុំធ្វើការកែតម្រូវឡើងវិញ។

ជាមួយគ្នានោះ លោក ជា ពិសី បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍន៍បោះជំហ៊ានទៅមុខលើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យដីធ្លី ដោយទន្ទឹមនិងវិវត្តនេះយើងសង្កេតឃើញកើតឡើងនូវបញ្ហាប្រឈមមួយចំនួនដូចជា ករណីវិវាទដីធ្លី សម្ដៅលើដីដែលមិនទាន់បានចុះបញ្ជីជាដើម ដែលមូលហេតុពុំមានទិន្នន័យក្បាលដីច្បាស់លាស់ ពិបាកក្នុងការគ្រប់គ្រងតម្រូវឲ្យមានការដោះស្រាយជាចាំបាច់។

ផ្នែកលើកត្តាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកទទួលការងារដីធ្លី បានដាក់ទិសដៅលើការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនូវទូទាំងប្រទេស ឲ្យចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០២១៕