(ភ្នំពេញ)៖ ទីបំផុត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ឯក ប៉ូលីហ្វីល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ សួង នាគព័ន្ធ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងករណីញុះញង់ ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។

ជនសង្ស័យឈ្មោះ សួង នាគព័ន្ធ, ឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅគ្រាដែលពួកគេ បានចែកខិត្តបណ្ណ ដែលសមត្ថកិច្ចចាត់ទុកថាជារឿងញុះញង់ ពាក់ព័ន្ធនឹងឃាតកម្ម លោកកែម ឡី នៅចំណុចស្តារម៉ាត ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយសាកសួរ សមត្ថកិច្ចបានដោះលែងជនសង្ស័យឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ ឱ្យមានសេរីភាពវិញ កាលពីល្ងាចថ្ងៃដដែល និងបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យឈ្មោះ សួង នាគព័ន្ធ ទៅតុលាការក្រោមបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕