(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរក្រុង ចុះត្រួតពិនិត្យរាល់មុខទំនិញដែលអាជីវករដាក់តាំងលក់ក្នុងលំនៅដ្ឋាន និងនៅតាមម៉ាត ស្ថិតក្នុងភូមិសាស្រ្ត ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយផ្តោតសំខាន់ទៅមុខទំនិញគ្រឿងភេសជ្ជៈ នំកញ្ចប់ណាដែលហួសកាលបរិច្ឆេទ ថ្ងៃខែឆ្នាំផលិត។

លោក សម ចិន្ត្រា អនុប្រធានសាខាកាំកុងត្រូល ខេត្តកោះកុង បានថ្លែងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលទំនិញ និងសេវា និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហានិភ័យ ដែលការត្រួតពិនិត្យលក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបកវេចខ្ចប់ កាលបរិច្ឆេទ កំប៉ុងកំពិតប៉ោងរលួយ។

លោកបានបញ្ជាក់ថា ការពិនិត្យគុណភាព និងអនុលោមភាព ដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីន ជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគ បន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យផងដែរ។

លោកបានបញ្ជាក់បន្តថា ជាលទ្ធផលមន្ត្រីសាខាកាំកុងត្រូល ចុះត្រួតពិនិត្យទំនិញគ្រឿងភេសជ្ជ: គ្រឿងឧបភោគបរិភាគ របស់អាជីវកដាក់តាំងលក់ នៅតាមលំនៅដ្ឋាន
និងតាមម៉ាត ស្ថិតក្នុងក្រុងខេរភូមិន្ទ រកឃើញនំកញ្ចប់គ្រឿងបរិភោគមួយចំនួន ហួសកាលបរិច្ឆេទថ្ងៃខែឆ្នាំផលិត ហើយធ្វើការដកហូតយកមករក្សាទុក នៅស្នាក់ការរង់ចាំការដុតកម្ទេចចោល។

ក្នុងការចុះត្រួតពិនិត្យនេះដែរ ក៏បានធ្វើការអប់រំណែនាំដល់អាជីវករឲ្យចេះមើលរាល់មុខទំនិញមុននឹងយកចូលមកលក់ ហើយណែនាំបើរបស់ណាជិតផុតកំណត់ថ្ងៃខៃឆ្នាំ កុំទិញយកមកលក់ឲ្យសោះ វាអាចប៉ះពាល់សុខភាពអ្នកទិញយកទៅបរិភោគ។

លោកបានធ្វើការអំពាវនាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកវេចខ្ចប់ត្រឹមត្រូវ មានកាលបរិច្ឆេទច្បាស់លាស់ ដើម្បីចូលរួមចំណែកដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាំងសុខាមាលភាព និងសេដ្ឋកិច្ច ហើយមន្ត្រីកាំកុងត្រូលចុះផ្សព្វផ្សាយណែនាំ ដល់អាជីវករនៅក្នុងផ្សារ និងនៅតាមលំនៅដ្ឋាន ដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេសមុននឹង ទិញយកទៅប្រើប្រាស់ ឬបរិភោគ៕

Advertising