(ភ្នំពេញ)៖ បន្ទាប់ពីមានសារព័ត៌មាន និងបុគ្គលមួយចំនួនតូច នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ចុះផ្សាយលាបពណ៌នូវព័ត៌មានមិនពិត ជុំវិញករណីជ្រើសរើសទ័ពដោយខុសច្បាប់កាលពីថ្មីៗនេះរួចមក លោក ម៉ែន ច័ន្ទរិទ្ធី បានធ្វើសន្និសីទ្ធកាសែត កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៩ ដោយបានបំភ្លឺបញ្ហា៣ចំណុចសំខាន់ៗ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងររបស់លោក ពិសេសក្រសួងការពារជាតិតែម្ដង។

លោក ម៉ែន ច័ន្ទរិទ្ធី បានបញ្ជាក់ថា ចំណុចទី១ លោកសូមឱនកាយគោរពដល់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជុំវិញការលាបពណ៌ និងចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការងារកងទ័ពដែលធ្វើឱ្យប៉ះពាល់ដល់រូបលោក ជាពិសេសប៉ះពាល់ដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិតែម្ដង។

លោក ម៉ែន ច័ន្ទរិទ្ធី បានបន្តថា កាលពីម្សិលមិញលោកបានទទួលព័ត៌មានថា មានជនខិលខូចបានផ្សាយលាបពណ៌ជុំវិញការរើសទ័ព តាមបណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័រមួយចំនួនតូច។ លោកសូមបដិសេធ និងច្រានចោលទាំងស្រុង ព្រោះវាជាព័ត៌មានមិនពិត។ លោកមិនទទួលយកការលាបពណ៌ដែលធ្វើឱ្យខូចដល់កិត្តិយសរូបលោកផ្ទាល់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិនោះឡើយ។ ប្រសិនរូបលោកបានប្រព្រឹត្តប្រាកដមែន លោកសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។

ចំពោះចំណុចទី២ លោក ម៉ែន ច័ន្ទរិទ្ធី បានបញ្ជាក់ថា ជុំវិញការសរសេរថា រូបលោកជាកូនរបស់លោកឧកញ៉ា ម៉ែន សារុន នោះ លោកសូមបដិសេធទាំងស្រុង។ លោកមិនមានជាប់សាច់សារលោហិត ជាមួយលោកឧកញ៉ាម៉ែន សារុន នោះទេ គ្រាន់តែមានត្រកូលដូចគ្នាប៉ុណ្ណោះ ហើយអ្នកសរសេរមួយចំនួនគិតខ្លួនឯងខុសពីការពិត។

លោកក៏សូមខន្តីអភ័យទោសដល់ក្រុមគ្រួសារ លោកឧកញ៉ា ម៉ែន សារុន ប្រសិនមិនពេញចិត្ត ឬប្រតិកម្មលើរឿងនេះ សូមទំនាក់ទំនងទៅអ្នកសរសេរផ្ទាល់ ដើម្បីសួរពីការពិតលោកមិនទទួលខុសត្រូវឡើយ ។ លោក ម៉ែន ច័ន្ទរិទ្ធី បានបញ្ជាក់នៅចំណុចទី៣ថា ចាប់ពីថ្ងៃនេះទៅប្រសិនមានបុគ្គលណា ឬសារព័ត៌មានណាចុះផ្សាយខុសពីការពិតអំពីករណីខាងលើនេះ លោកនឹងចាត់វិធានការ តាមរយៈប្រព័ន្ធតុលាការចាត់ការតាមនីតិវិធីច្បាប់ហើយ៕