(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សា លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ និងបច្ឆ័យទៅវេរប្រគេន ដល់ព្រះសង្ឃ ដែលត្រូវចូលចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តចំនួន៣វត្ត នៅក្នុងឃុំពពេលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលពិធីនេះបានធ្វើឡើង ទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅវត្តពពេលនាព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៩។

លោកបានថ្លែងថា លោករួមនឹងក្រុមការងារ តែងតែយកចិត្តទុកដាក់ចូលរួមជាមួយលោកយាយលោកតា បងប្អូនពុទ្ធបរិស័ទ្ធចម្រុះជើងវត្ត ជារៀងរាល់ឆ្នាំ ដើម្បីផ្សារភ្ជាប់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលជាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់យើងតរៀងមក ក្នុងការជួយឧបត្ថម្ភគាំទ្រ បង្កលក្ខណៈងាយស្រួល ទំនាក់ទំនងល្អនៃស្ថាប័នទាំងពីរ ឆ្លើយតបនឹងការអភិវឌ្ឍឥតឈប់ឈរ របស់សង្គមជាតិបច្ចុប្បន្ន។

លោកបានគូសបញ្ជាក់ថា «ស្ថិរភាព និងសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋប្រកបមុខរបបដោយភាពសុខសាន្ត នេះបើនិយាយជារួម ហើយនិយាយដោយឡែកចំពោះរដ្ឋសភាវិញ បានពិនិត្យ និងអនុម័តច្បាប់នានាជាច្រើនទុកសម្រាប់ប្រើប្រាស់ក្នុងនាមកម្ពុជាជាប្រទេសនីតិរដ្ឋ»

ក្រៅពីនេះរដ្ឋសភា ក៏បានចូលរួមក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ អ្នកតំណាងរាស្ត្របានអនុវត្តន៍នូវតួនាទី របស់ខ្លួនក្នុងការចូលរួមកសាងច្បាប់ រួមនិងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រៀងៗខ្លួន ដើម្បីដោះស្រាយនូវបញ្ហានានា ជូនពួកគាត់ជាដើម ជាពិសេសជួយដល់ការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។

លោក កែវ ពិសិដ្ឋ បន្តថា «ក្នុងនាមជាអ្នកតំណាងរាស្ត្រ យើងតែងតែគិតគូអំពីសុខទុក្ខ របស់រាស្ត្រជានិច្ច ដោយអ្នកតំណាងរាស្ត្របានបំពេញទៅតាមតួនាទី ភារកិច្ច របស់ខ្លួនជាអ្នកតំណាងប្រជាជន»

ក្នុងឱកាសនោះលោក កែវ ពិសិដ្ឋ បានអំពាវនាវដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តកាយវិការដ៏ប្រពៃនេះ ដើម្បីលើកស្ទួយវិស័យ ព្រះពុទ្ធសាសនា និងសូមប្រកាន់យកនូវធម៌មេត្តា ករុណា សណ្តោស និងខន្តី ធ្វើជាគំរូល្អ ដល់កូនចៅជំនាន់ក្រោយ ឲ្យខិតខំយកចិត្តទុកដាក់ ស្វាធ្យាយសូត្រព្រះធម៌ ព្រះវិន័យ និងបន្តកសាងសមិទ្ធផល ថ្មីៗ បន្ថែមទៀត ដោយរៀរចាកនូវអំពើមិនគម្បីទាំងឡាយ ដែលអាចធ្វើឲ្យពុទ្ធបរិស័ទអស់ជំនឿ ឬអាប់ឱនដល់ព្រះពុទ្ឋសាសនា។

ជាមួយគ្នានេះ លោករួមនឹងក្រុមការងារ បានប្រគេនព្រះសង្ឃសម្រាប់ចូលព្រះវស្សាចំនួន ៣វត្ត ក្នុងឃុំពពេលនាពេលនេះរួមមាន៖ វត្តស្ទឹងជ័យ វត្តពពេល និងវត្តស្រះដោយក្នុង ១វត្ត ទទួលបានទៀនព្រះវស្សា ១គូ រួមជាមួយគ្រឿងឧបភោគបរិភោគចំនួន ១២មុខ និងបច្ឆ័យ១លានរៀល។ ទន្ទឹមនឹងនេះលោក កែវ ពិសិដ្ឋ បានប្រគេនបច្ឆ័យចំនួន ៥លានរៀលទៀត សម្រាប់ចូលរួមកសាងសមិទ្ធផលក្នុងវត្តពពេលផងដែរ។

នៅក្នុងឱកាសនោះដែរ លោក កែវ ពិសិដ្ឋ ក៏បាននាំយកអំណោយវត្ថុអនុស្សាវីយ៍ ចែកជូនដល់លោកយាយ លោកតា ចូលរួមចំនួន១០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានក្រណាត់សរមួយដុំថវិកាចំនួន១ម៉ឺនរៀល៕

Advertising