(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចឱ្យសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ៤កន្លែងបន្ថែមទៀតមានអនុភាពសរុបប្រមាណ ១៤០មេហ្គាវ៉ាត់ ដើម្បីទាញយកថាមពលមកបំពេញសេចក្តីត្រូវការដែលកំពុងមានការកើនឡើង។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ទាំង៤នេះ ស្ថិតនៅខេត្តពោធិ៍សាត់ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់, នៅខេត្តបាត់ដំបង ផ្តល់អានុភាព ៦០មេហ្កាវ៉ាត់, នៅខេត្តបន្ទាយមានជ័យ ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់ និងនៅក្រុងបាវិត ខេត្តស្វាយរៀង ផ្តាល់អានុភាព ២០មេហ្កាវ៉ាត់។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការអភិវឌ្ឍប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែមនេះ មានសារៈសំខាន់ និងមានប្រយោជន៍ ដោយជួយផ្តល់បន្ថែម ប្រភពអគ្គិសនីដើម្បីដោះស្រាយបង្គ្រប់កង្វះខាតសេចក្តីត្រូវការអគ្គិសនីផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។

បើតាមលោក ផៃ ស៊ីផាន ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំង៤នេះ នឹងរួមចំណែកផ្តល់ប្រយោជន៍ជាច្រើនមានដូចជា៖ ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់, ផ្តល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង, នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងពេលសាងសង់ និងដំណើរការ និងរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធប្រមាណ ១,៨៦៩,៦៦៧ដុល្លារអាមេរិកក្នុង១ឆ្នាំជាមធ្យមក្នុងរយៈពេល ២១ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដ៏ទៃទៀតត្រូវបង់នៅឡើយ។

សូមបញ្ជាក់ថា តាមការព្យាករណ៍សេចក្តីត្រូវការអគ្គិសនី របស់ក្រុមហ៊ុនទីប្រឹក្សាសិក្សាផែនការមេទី១ បានបង្ហាញថា សេចក្តីត្រូវការអគ្គិសនីនៅកម្ពុជា អាចនឹងកើនពី ១,៥៣៧ មេហ្កាវ៉ាត់នៅឆ្នាំ២០១៨ ឡើងដល់២,៣០៧ មេហ្កាវ៉ាត់នៅឆ្នាំ ២០២០ និងកើនដល់ ២,៨៥៨មេហ្កាវ៉ាត់ នៅឆ្នាំ២០២១។ ដូច្នេះបើគិតចាប់ពីចុងឆ្នាំ២០១៨ មកសម្រាប់ឆ្នាំ២០២០ ត្រូវបន្ថែមប្រភពអគ្គិសនីថ្មីចំនួន ៧៧០មេហ្កាវ៉ាត់ទើបគ្រប់គ្រាន់។ សម្រាប់ឆ្នាំ២០២១ ត្រូវបន្ថែមប្រភពអគ្គិសនីថ្មីបន្ថែមពីលើថែមទៀតឲ្យដល់ ១,៣២១មេហ្កាវ៉ាត់ ទើបគ្រប់គ្រាន់។

ខាងក្រោមនេះគឺជារបាយការណ៍អភិវឌ្ឍន៍ថាមពលអគ្គិសនីនៅកម្ពុជាសម្រាប់ឆ្នាំ២០២០ និង២០២១៖

១. សម្រាប់ឆ្នាំ២០២០៖

- នៅឆមាសទី១ នៃឆ្នាំ២០១៩ បង្កើនការនាំចូលពីវៀតណាមបន្ថែម ៥០មេហ្កាវ៉ាត់ និងបង្កើតការនាំចូលពីថៃបន្ថែម ៦០មេហ្កាវ៉ាត់រួចហើយ ។

- នៅខែសីហា ឆ្នាំ២០១៩ នឹងដាក់ឲ្យដំណើរការស្ថានីយផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យ ទំហំ ៦០ មេហ្កាវ៉ាត់ នៅខេត្តកំពង់ស្ពឺ រួចនៅខែវិចិ្ឆកា ឆ្នាំ២០១៩ ដាក់ឲ្យដំណើរការរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មទំហំ ១៥០ មេហ្កាវ៉ាត់ នៅព្រះសីហនុ របស់ក្រុមហ៊ុន CEL2 ។

- នៅខែធ្នូ ឆ្នាំ២០១៩ នឹងបង្កើនការនាំចូលពីថៃបន្ថែម ៧០មេហ្កាវ៉ាត់បន្ថែមទៀត ។
- ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងបង្កើនការនាំចូលពីឡាវ ១៩៥មេហ្កាវ៉ាត់។
- នៅខែមីនា ឆ្នាំ២០២០ នឹងបង្កើនការនាំចូលពីប្រព័ន្ធអគ្គិសនីឡាវបន្ថែម១០០ មេហ្កាវ៉ាត់ទៀត បូកបន្ថែមស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែម២០មេហ្កាវ៉ាត់ នៅខេត្តកំពង់ស្ពឺ។

- នៅខែមេសាឆ្នាំ ២០២០ ដាក់ឲ្យដំណើរការរោងចក្រអគ្គិសនីប្រើប្រេងខ្មៅ នៅក្បែររាជធានីភ្នំពេញ ទំហំសរុប ៤០០ មេហ្កាវ៉ាត់ និងដាក់ឲ្យដំណើរការស្ថានីយផលិតអគ្គិសនី ដើរដោយព្រះអាទិត្យ ៦០ មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង ដែលគណៈរដ្ឋមន្ត្រីទើបអនុម័តនៅថ្ងៃទី៥ ខែមេសា មុននេះ ។

ដូច្នេះតាមអ្វីដែលយើងគ្រោងខាងលើ ចាប់ពីចុងឆ្នាំ២០១៨ រហូតដល់រដូវវស្សាឆ្នាំ២០២០ យើងអាចបន្ថែម “ ប្រភពអគ្គិសនីទុកចិត្តបាន ” ចំនួន ១២២៥ មេហ្កាវ៉ាត់ បូកនឹងប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដែលយើងចាត់ទុកជា “ ប្រភពអគ្គិសនីជំនួយបន្ថែម ” ចំនួន ១៤០ មេហ្កាវ៉ាត់ ដែលគ្រប់គ្រាន់សម្រាប់ឆ្នាំ២០២០ ដែលត្រូវការបន្ថែមត្រឹមតែ ៧៧០ មេហ្កាវ៉ាត់ ប៉ុណ្ណោះ ។

២. សម្រាប់ឆ្នាំ២០២១៖

- ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ ដាក់ឲ្យដំណើរការស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ទំហំ ៦០ មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់ ដែលគណៈរដ្ឋមន្រ្តីបានអនុម័តនៅថ្ងៃទី៥ ខែមេសា មុននេះបូកបន្ថែមគម្រោងស្ថានីយផលិតអគ្គិសនីដើរដោយដោយពន្លឺព្រះអាទិត្យបន្ថែមថ្មីចំនួន ៤ គម្រោងទៀតទំហំសរុប ១៤០ មេហ្កាវ៉ាត់ ដែលកំពុងសើ្នសុំអង្គប្រជុំគណៈរដ្ឋមន្ត្រីធ្វើការពិនិត្យ និងសម្រេច ។

- នៅខែវិច្ឆិកា ឆ្នាំ២០២០ ដាក់ឲ្យដំណើរការរោងចក្រអគ្គិសនីដុតធ្យូងថ្មក្នុងស្រុក របស់ក្រុមហ៊ុន HAN SENG COAL MINE CO., LTD នៅខេត្តឧត្តរមានជ័យ វគ្គទី១ ទំហំ ១០០ មេហ្កាវ៉ាត់ រួចនៅខែវិច្ឆិកា ឆ្នាំ២០២១ ដាក់ឲ្យដំណើរការវគ្គទី២ ទំហំ ១០០ មេហ្កាវ៉ាត់ទៀត សរុប ២០០ មេហ្កាវ៉ាត់ ។

ដូច្នេះតាមអ្វីដែលយើងគ្រោងខាងលើ សម្រាប់ឆ្នាំ២០២១ យើងអាចបន្ថែមប្រភពអគ្គិសនីទុកចិត្តបានចំនួន ២០០ មេហ្កាវ៉ាត់ បន្ថែមពីលើ ១២២៥ មេហ្កាវ៉ាត់ មុនត្រូវជា ១៤២៥ មេហ្កាវ៉ាត់ និងបន្ថែមប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យជាជំនួយបន្ថែមចំនួន ២០០ មេហ្កាវ៉ាត់ បន្ថែមពីលើ ១៤០ មេហ្កាវ៉ាត់លើកមុនសរុប ៣៤០ មេហ្កាវ៉ាត់ ធៀបទៅនឹងសេចក្តីត្រូវការបន្ថែមអតិបរមា តែ ១,៣២១ មេហ្កាវ៉ាត់ ប៉ុណ្ណោះ៕

<

Advertising