(ភ្នំពេញ)៖ លោកឧកញ៉ា ជា រិទ្ធី បន្ទាប់ពីយកដុំថ្មមកគរតម្រៀបលើទ្រូងផ្លូវសាធារណៈរបស់រដ្ឋជាយូរមកហើយនោះ ឥឡូវនេះ លោកឧកញ៉ាបានចាប់ផ្ដើមចាក់ស៊ីម៉ង់តិ៍បណ្ដុះបង្គោលថ្ម លើទ្រូងផ្លូវធ្វើជាព្រុំ កម្មសិទ្ធិផ្ទាល់ខ្លួនហើយ។ ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមអំពាវនាវឲ្យអាជ្ញាធរ និងមន្រ្តីជំនាញចុះទៅទប់ស្កាត់ទាន់ពេលវេលា។

ទីតាំងដីសាធារណៈដែលលោកឧកញ៉ា ជា រិទ្ធី រំលោភយកចង់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ មានទីតាំងនៅខាងមុខស្ពានសម្តេច ជា ស៊ីម ព្រែកតាគង់ ក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដោយសារតែឃើញទង្វើរបស់លោកឧកញ៉ា ជា រិទ្ធី កំពុងតែរំលោភយកផ្លូវសាធារណៈបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅភូមិព្រែកតាគង់ទាំងមូល កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការបាត់បង់ផ្លូវសាធារណៈកាន់តែតូចចង្អៀតជាងនេះទៀត ក្រោយលោកឧកញ៉ារូបនោះ បានចាប់ផ្តើមវាទព្រុំដីចេញមកក្រៅរបងដីរបស់ខ្លួនប្រហែល ៤ ទៅ៥ម៉ែត្រ ចូលមកលើទ្រូងសាធារណៈ បែបនេះនោះ។

ពាក់ព័ន្ធនឹងការរំលោភយកចំណីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិរបស់លោកឧកញ៉ា ជា រិទ្ធី នោះដែរ ប្រជាពលរដ្ឋ ក៏បានរិះគន់អាជ្ញាធរសង្កាត់ព្រែកតាសេក ដែលបានបណ្ដែតបណ្ដោយ ឲ្យលោកឧកញ៉ារូបនោះ ធ្វើអ្វីតាមអំពើចិត្តរបស់គាត់បែបនេះនោះ ហើយប្រជាពលរដ្ឋសុំអំពាវនាវដល់អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ជួយមានវិធានការផង។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការរំលោភយកចំណីផ្លូវសាធារណៈ ក្នុងគោលបំណងមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះ មិនមែនអាជ្ញាធរសង្កាត់ព្រែកតាសេក មិនដឹងនោះទេ ព្រោះពេលដែល លោកឧកញ៉ាចាប់ផ្តើមបញ្ជាឲ្យកម្មករយកដុំថ្មធំៗ មកតម្រៀបជាជួរចាប់ពីខាងមុខស្ពានសម្តេច ជា ស៊ីម ព្រែកតាគង់ (ពោលគឺខាងមុខដីរបស់គាត់) ដោយដាក់លើទ្រូងផ្លូវតែម្តងធ្វើឲ្យប៉ះទង្គិចពាក្យសំដី ជាមួយអ្នករស់នៅអមសងខាងផ្លូវ ដែលលោកឧកញ៉ារំលោភ ហើយក៏មានទាំងអាជ្ញាធរសង្កាត់ និងខណ្ឌបានចុះមកដល់កន្លែងកើតហេតុផងដែរ។ មិនតែប៉ុណ្ណោះអាជ្ញាធរខណ្ឌជ្រោយចង្វារ ក៏បានណាត់ភាគីទំនាស់ទាំងសងខាងនោះ ទៅសួរនាំនៅសាលាខណ្ឌ ធ្វើជាកំណត់ហេតុតម្កល់ទុកផងដែរកាលពីដើមខែមេសា ឆ្នាំ២០១៩។

បើទោះពីមានការហៅទៅសួរនាំ និងធ្វើកំណត់របស់អាជ្ញាធរក៏ដោយ តែឧកញ៉ា ជា រិទ្ធី មិនត្រឹមតែដកចេញវិញនោះទេ គឺថែមទាំងយកដែកថ្នាំងអំពៅមកបោះក្នុងគោលបំណងកំណត់ព្រុំដីរបស់គាត់ ចេញខាងក្រៅរបងដីរបស់គាត់ប្រហែលជា ៤ទៅ៥ម៉ែត្រ រហូតមកដល់ពេលនេះ ស្រាប់តែឧកញ៉ាចាប់ផ្តើមចាក់បេតុងបណ្តុះបង្គោលថ្មចេញខាងក្រៅរបងដីរបស់គាត់ ក្នុងគោលបំណងវាទ របងចេញក្រៅធ្វើឲ្យប៉ះពាល់ទ្រូងផ្លូវសាធារណៈកាន់តែតូចចង្អៀតទៀត។

ប្រជាពលរដ្ឋ បានបញ្ជាក់ទៀតថា ផ្លូវសាធារណៈដែលត្រូវបានលោកឧកញ៉ា ជា រិទ្ធី រំលោភចេញមកក្រៅរបងដីគាត់នោះ គឺផ្លូវភ្ជាប់ពីផ្លូវជាតិលេខ៦ ចូលផ្សារព្រែកខ្វិត ឆ្លងស្ពានសម្ដេច ជា ស៊ីម ព្រែកតាគង់ ឆ្ពោះទៅត្រង់ដល់គល់ស្ពានលីយ៉ុងផាត់។

ផ្លូវមួយខ្សែនោះ មុនដំបូងត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់ដែលមានលោក អឿ ស៊ីផុន ជាចៅសង្កាត់ បានផ្ដួចផ្ដើមសមគំនិតបង្កើតបើកផ្លូវនោះឡើង។ ចំណែកលោកឧកញ៉ា ជា រិទ្ធី វិញ ជាអ្នកចំណូលថ្មីតែប៉ុណ្ណោះ។ គាត់មិនបានបរិច្ចាគដីមួយចំរៀកណាដើម្បីបើកផ្លូវរាល់ថ្ងៃនេះទេ។

ក្រៅពីការស្នើសុំទៅអភិបាលខណ្ឌនោះ ប្រជាពលរដ្ឋក៏ទទូចស្នើទៅលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយមានវិធានការណ៍ចំពោះលោកឧកញ៉ារូបនោះផង ដើម្បីបញ្ឈប់សកម្មភាពរំលោភដីរបស់រដ្ឋតទៅទៀត។

យ៉ាងណាក៏ដោយ ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់អាចសុំការបកស្រាយពីលោកឧកញ៉ារូបនោះបានទេ៕

Advertising