(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចលុបចោល ក្រុមហ៊ុនផ្ដល់សេវាសន្ដិឯកជនចំនួន ៣៣ក្រុមហ៊ុន ដែលបានប្រកាសក្ស័យធន និងពុំមានសកម្មភាពធ្វើសេវាកម្ម។ នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវលើក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនចំនួន ៣៣ក្រុមហ៊ុន ដែលបង្កើតភ្នាក់ងារសន្ដិសុខ ឯកជនធ្វើសេវាកម្ម ប៉ុន្ដែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពធ្វើសេវាកម្ម ដែលមិនស្របតាមគោលបំណង នៃមាត្រា១ ក្នុងអនុក្រឹត្យលេខ២៨៩ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន។ ហេតុនេះក្រសួងមហាផ្ទៃ ត្រូវលុបឈ្មោះចេញពីការអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចំនួន៣៣ក្រុមហ៊ុន»

សូមជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សរុបចំនួន ២៥៤ក្រុមហ៊ុន (មិនទាន់ដកក្រុមហ៊ុន៣៣ ដែលលុបចោល)។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

លោកប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ទៀតថា អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងបណ្ដុះបណ្ដាល និងបើកវគ្គបំប៉នជំនាញជាបន្ដបន្ទាប់ ដល់ភ្នាក់ងារសន្ដិសុខ ឯកជនទាំងអស់ ដើម្បីបង្កើនជំនាញ និងពង្រឹងសមត្ថភាព៕