(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី បានអញ្ជើញចូលរួមសម្ពោធសមាគមពាណិជ្ជករចិនខេត្តស៊ីឈួន ប្រចាំខេត្តព្រះសីហនុនៅសណ្ឋាគារ ព្រីនស៍ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមដោយអភិបាលរងខេត្ត អភិបាលក្រុង មន្ត្រីរាជការ និងអ្នកវិនិយោគចិន នារាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

លោក វៃ ហុងបូ ប្រធានសមាគមណិជ្ជករចិនខេត្តស៊ីឈួន ប្រចាំខេត្តព្រះសីហនុ បានថ្លែងថា ការបង្កើតសមាគមពាណិជ្ជករស៊ីឈួន សាខាខេត្តព្រះសីហនុ ផ្ដោតលើចក្ខុវិស័យសម្រាប់ក្រុមហ៊ុន និងអាជីវកម្មរបស់ខេត្តស៊ីឈួននៅក្នុងប្រទេសកម្ពុជា។ សមាគមពាណិជ្ជករខេត្តស៊ីឈួនប្រចាំកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងពង្រឹងសាមគ្គីរបស់សហគ្រិន និងសហគ្រាសខេត្តស៊ីឈួននៅក្នុងប្រទេសកម្ពុជា។ នេះជាប្រវត្តិសាស្ត្រសម្រាប់សភាពាណិជ្ជករស៊ីឈួន ប្រចាំកម្ពុជា ក្នុងខេត្តព្រះសីហនុ ដែលមានសហគ្រាស និងបងប្អូនខេត្តស៊ីឈួនជាច្រើន បង្កើតជាគ្រួសារថ្មី។ សមាគមសភាពាណិជ្ជករស៊ីឈួន សាខាខេត្តព្រះសីហនុ ប្រកាន់ភ្ជាប់នូវគោលនយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយ សាមគ្គីជាធ្លុងមួយ ដើម្បីអភិវឌ្ឍន៍បងប្អូនស៊ីឈួន ក្នុងខេត្តព្រះសីហនុ។

លោក គួច ចំរើន បានលើកឡើងថា ការបើកសម្ភោធដាក់ឲ្យដំណើរការសមាគមពាណិជ្ជករស៊ីឈួន ប្រចាំខេត្តព្រះសីហនុ ជាការគូសបញ្ជាក់ថា ផ្អែកលើគោលនយោបាយផ្លូវមួយ ខ្សែរក្រវ៉ាត់ មួយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីងពីង និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់។ ផ្ដើមចេញពីគោលនយោបាយ និងភាពជោគជ័យដែលយើងទទួលបាននាពេលនេះ ចាត់ទុកថា មានការលូតលាស់ខ្លាំង ក្រោមគោលនយោបាយ នៃប្រទេសទាំងពីរ ខេត្តរបស់យើងទទួលអ្នកវិនិយោគគិនមកពីប្រទេសចិន ពិសេសមកពីខេត្តស៊ីឈួន កំពុងជំរុញចូលរួមការវិនិយោគនៅខេត្តព្រះសីហនុ ហើយប្រជាជនខេត្តព្រះសីហនុ ទទួលបានផលផ្លែផ្កាដូចគ្នា ដូច្នេះសមាគមស៊ីឈួន និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាដើម្បីភាពថ្កុងថ្កើងរុងរឿងទាំងអស់គ្នា។

លោកអភិបាលខេត្ត ក៏បានស្នើសុំប្រធានសមាគមថ្មី បន្តកិច្ចសហការល្អថែមទៀត ជំរុញអ្នកវិនិយោគខេត្តស៊ីឈួន អនុវត្តតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទោះបីនៅទីនេះ ជាលំនៅដ្ឋានទី២ របស់សមាគមស៊ីឈួន យើងបានរស់នៅលើទឹកដីតែមួយជាមួយគ្នា យើងធ្វើសកម្មភាពនៅកន្លែងតែមួយ ជាមួយគ្នា ចាំបាច់មានការឈ្វេងយល់ពីគ្នាទៅវិញទៅមកឱ្យបានល្អ ទាំងច្បាប់ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីចែករំលែកឱ្យមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា «តួនាទីរបស់សមាគមពិតជាចាំបាច់ ដល់ការផ្សព្វផ្សាយចែករំលែកអ្វីដែលប្រជាជនខេត្តព្រះសីហនុមាន ជូនទៅដល់បងប្អូនអ្នកវិនិយោគិនមកពីខេត្តស៊ីឈួន ចែករំលែកវប្បធម៌ និងប្រពៃណីអ្វីដែលខ្លួនមាន ដល់ប្រជាជនខេត្តព្រះសីហនុ បានដឹងមានការយល់ពីគ្នា ទៅវិញទៅមក យើងពិតជាអាចរស់នៅក្នុងសហគមន៍មួយដែលមានភាពសុខដុមរមណី។ ចាំបាច់ត្រូវធ្វើការ ចែករំលែកទាំងការងារសន្តិសុខ ការងារអភិវឌ្ឍន៍ ការងារមនុស្សធម៌ យើងជឿជាក់ថា សមាគមស៊ីឈួន និងផ្ដល់ក្តីស្រឡាញ់ដល់ខេត្តព្រះសីហនុ និងកសាងភាពរុងរឿងនៅលើទឹកដីខេត្តព្រះសីហនុ ក្នុងគោលដៅយូរអង្វែងប្រកបដោយចីរភាព»

 

Advertising